អាជ្ញាធរថៃហាមឃាត់ការលក់គ្រឿងស្រវឹងឲ្យជនមិនទាន់គ្រប់អាយុ អំឡុងពេលបុណ្យចូលឆ្នាំសកល
អត្ថបទដោយ៖
Kien Sereyvuth
ថៃ៖ សមត្ថកិច្ចថៃនៅថ្ងៃចន្ទដើមសប្តាហ៍នេះ បានព្រមានដល់ម្ចាស់ហាងលក់គ្រឿងស្រវឹងទាំងអស់ ដើម្បីទប់ស្កាត់ការលក់គ្រឿងស្រវឹងដល់ជនដែលមិនទាន់គ្រប់អាយុ បើពុំដូច្នេះទេ នឹងត្រូវប្រឈមុខជាមួយការដាក់ទោសធ្ងន់ធ្ងរ ។

អាជ្ញាធរថៃកំពុងតាមឃ្លាំមើលនៅតាមហាងលក់រាយ ដែលលក់គ្រឿងស្រវឹងដល់ជនដែលមានអាយុក្រោម២០ឆ្នាំ ជាពិសេសក្នុងអំឡុងពេលឈប់សម្រាកបុណ្យចូលឆ្នាំថ្មី ដោយសារចំនួនអ្នកស្លាប់ក្នុងរយៈពេល៣ថ្ងៃដំបូង នៃរដូវឈប់សម្រាកបានកើនឡើងដល់១៥៩នាក់ហើយ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន នេះបើតាមអ្នកនាំពាក្យមជ្ឈមណ្ឌលដើម្បីការពារ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ថៃ ។

សូមបញ្ជាក់ថា ការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង គឺជាមូលហេតុចម្បងដែលបង្កគ្រោះថ្នាក់ បន្ទាប់មកទៀត គឺការបើកបរលើសល្បឿនកំណត់ ហើយទោចក្រយានយន្ត (ម៉ូតូ) ចូលរួមចំណែកគ្រោះថ្នាក់រហូត៦៤,៦ភាគរយ ៕ធ.ដ
