អាជ្ញាធរខេត្តព្រះវិហារ បានក្រើនរំលឹកដល់មន្ត្រីប្រឆាំងការជួញដូរមនុស្ស និងអាជ្ញាធរពាក់ព័ន្ធ បន្តខិតខំអនុវត្តន៍ការទប់ស្កាត់ ការបង្ការអំពើជួញដូរមនុស្ស ស្ត្រី និងកុមារ នៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យមានប្រសិទ្ធភាព !
ខេត្តព្រះវិហារ៖ ប្រសាសន៍ក្រើនរំលឹក របស់អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ខេត្តព្រះវិហារ លោកស្រី ចឹក ហេង បានធ្វើឡើងនៅក្នុងគ្រាដែលលោកស្រី បានអញ្ជើញជាកិត្តិយសក្នុងពិធី ផ្សព្វផ្សាយទិវាជាតិលើកទី១៣ ស្ដីពី ការទប់ស្កាត់ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ក្រោមប្រធានបទ « រួមសហការគ្នា ដើម្បីកម្ពុជា គ្មានអំពើជួញដួរមនុស្ស »។

ពិធីនេះរៀបចំឡើង ដោយលេខាធិការដ្ឋាន នៃគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ហៅកាត់ « គ.ខ.ប.ជ » ខេត្តព្រះវិហារ ដែលមានការចូលរួមពី មន្ត្រីខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរក្នុងមូលមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណ ៤០០នាក់ នាថ្ងៃទីទី៣០ធ្នូ ម្សិលមិញ នៅក្នុងបរិវេណសាលាឆទាន នៃវត្តមួយ ស្ថិតក្នុងភូមិសុច ឃុំស្ដៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។

អភិបាលស្រុកសង្គមថ្មី លោក ជុំ ពុយ បានរាយការណ៍ជូនថ្នាក់ដឹកនាំ អំពី សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ ការបំពេញភារកិច្ចរួមគ្នា រវាងមន្ត្រី និងថ្នាក់ដឹកនាំភូមិ ឃុំ ស្រុក និងការងារផ្សព្វផ្សាយ អប់រំ អំពី ការជួញដូរមនុស្ស ស្ត្រី និងកុមារ ការជួញដូរផ្លូវភេទ ជូនដល់ប្រជាពលរដ្ឋឲ្យបានដឹង និងជ្រួតជ្រាប នៅក្នុងមូលដ្ឋានដែលខ្លួនគ្រប់គ្រង។

ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះវិហារ លោក ចេង លឹមហ៊ាន់ បានលើកឡើងថា បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងយកចិត្តទុកដាក់ បង្កើនការទប់ស្កាត់រាល់សកម្មភាពនានា ដែលធ្វើអោយប៉ះពាល់ដល់ដំណើរការអភិវឌ្ឍន៍របស់សង្គមជាតិ ក្នុងនោះអំពើ ប្រយុទ្ធប្រឆាំងការជួយដូរមនុស្ស គឺជាផ្នែកមួយដែលបង្កអោយមានការប៉ះពាល់យ៉ាងខ្លាំង ដល់បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស និងសង្គមជាតិ ទាំងមូល។

អភិបាលរងខេត្តព្រះវិហារ លោកស្រី ចឹក ហេង បានមានប្រសាសន៍ថា អំពើជួញដូរមនុស្ស និងការជួញដូរផ្លូវភេទ មានលក្ខណៈច្រើនរូបភាព ដូចជាស្ត្រី និងកុមារមួយចំនួន ត្រូវបានគេបោកបញ្ឆោត ដោយអ្នកជិតខាង ពីសាច់ញាតិ ពីមិត្តភ័ក្ដិ បងប្អូន ឬឪពុកម្ដាយ ជាដើម។ លោកស្រីបន្តទៀតថា ភាពក្រីក្រនៃជីវភាព ការកង្វះចំណេះដឹង កង្វះការអប់រំ និងកង្វះព័ត៌មាន គឺជាមូលហេតុ ធ្វើឲ្យមានការជួញដូរមនុស្ស និងការជួញដូរផ្លូវភេទ។

ហើយពួកគេ ត្រូវបានគេភូតភរ កុហកថា នាំទៅរកការងារធ្វើជាអ្នកបម្រើតាមផ្ទះ តាមភោជនីយដ្ឋាន ឬ ទៅធ្វើការនៅតាមរោងចក្រក្នុងប្រទេស ក្រៅប្រទេស រៀបអាពាហ៍ពិពាហ៍ក្លែងក្លាយ ការសុំធ្វើជាកូនចិញ្ចឹម និងរូបភាពលក់កូន ដើម្បីដោះស្រាយបំណុល។ លោកស្រីថា មូលហេតុទាំងនេះ គឺបណ្ដាលមកពីការកើតឡើង នូវអំពើហិង្សាក្នុងគ្រួសារ ការធ្វើបាបដោយឪពុក ឬ ម្ដាយចុង និង ឪពុកចិញ្ចឹម អាណាព្យាបាល ដែលញៀនគ្រឿងស្រវឹង និងការញៀនល្បែងស៊ីសង ជាដើម។ល។

លោកស្រី អភិបាលរងខេត្ត បានណែនាំដល់ប្អូនៗ និងក្មួយៗ ដែលជាយុវជនទាំងអស់ ត្រូវចេះរួបរួមសាមគ្គីភាពគ្នាអោយបានជិតស្និទ្ធ ត្រូវបង្កើនវប្បធម៌ ពិគ្រោះ និងប្រឹក្សាយោបល់គ្នា នៅក្នុងរង្វង់សាលារៀន ជាមួយលោកគ្រូ អ្នកគ្រូ ដើម្បីបញ្ជៀសបានពីជនឆ្លៀតឧិកាស មកប្រើល្បិចកល ល្បួងលួងលោម ក្នុងអំពើជួញដូរមនុស្ស និងជួញដូរផ្លូវភេទ។ លោកស្រី ចឹក ហេង បានក្រើនរំលឹកដល់សមាជិក សមាជិកា នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស និងអាជ្ញាធរពាក់ព័ន្ធនៅក្នុងមូលដ្ឋានទាំងអស់ ត្រូវបន្តខិតខំអនុវត្តតាមផែនការ សកម្មភាព ដែលបានកំណត់ សំដៅទប់ស្កាត់ បង្ការ អំពើជួញដូរមនុស្ស ស្ត្រី និងកុមារ នៅក្នុងមូលដ្ឋានរបស់ខ្លួន អោយមានប្រសិទ្ធភាពខ្ពស់៕ធ.ដ
ដោយ៖ឡុង សំបូរ
