«សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងពាក់កណ្តាលឆ្នាំ ២០២១»របស់ក្រសួងការបរទេស ក្រោមអធិបតីភាពឯកឧត្តម ប្រាក់សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិកអ្តរជាតិ
នៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំ «សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងពាក់កណ្តាលឆ្នាំ២០២១» ក្រោមអធិបតីភាព របស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយមានការចូលរួមតាមទម្រង់ដោយផ្ទាល់ ពីសំណាក់ថ្នាក់ដឹកនាំក្រសួង និងតំណាងមកពីស្ថាប័នជាតិដែលពាក់ព័ន្ធ និងតាមប្រព័ន្ធវីដេអូ ពីសំណាក់ប្រធានស្ថានបេសកកម្មរបស់កម្ពុជានៅបរទេស ។
សន្និបាតប្រចាំឆ្នាំនេះ ដែលរួមមានវគ្គពិភាក្សាជាលក្ខណៈចង្អៀតផងដែរ អនុញ្ញាតឱ្យមន្ដ្រីក្រសួងការបរទេសកម្ពុជាគ្រប់លំដាប់ថ្នាក់ ចូលរួមចំណែកក្នុងការវាយតម្លៃលើសមិទ្ធិផល និងបទពិសោធន៍មេរៀន ដែលទទួលបាន ដើម្បីបង្កើនប្រសិទ្ធភាពការងារការទូត និងការប្រាស្រ័យទាក់ទងផ្នែកគោលនយោបាយការបរទេសរបស់កម្ពុជា សំដៅដោះស្រាយបញ្ហាប្រឈមនានា និងរួមចំណែកក្នុងការសម្រេចគោលដៅប្រទេសជាតិ។
សម្រាប់ឆ្នាំនេះ សន្និបាតបានផ្តោតការយកចិត្តទុកដាក់ទៅលើការផ្លាស់ប្តូរសណ្តាប់ធ្នាប់អន្តរជាតិ និង និន្នាការនយោបាយ-សន្តិសុខក្នុងតំបន់សំខាន់ៗ ផលប៉ះពាល់និងការស្តារឡើងវិញពីជំងឺរាតត្បាត កូវីដ-១៩ ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ព្រមទាំងព្រឹត្តិការណ៍ពាក់ព័ន្ធ និងការធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ របស់កម្ពុជា។ ប្រធានបទនៃការផ្លាស់ប្ដូរយោបល់គ្នាក៏បានគ្របដណ្ដប់ផងដែរទៅលើកំណែទម្រង់វិធីសាស្ត្រអនុវត្តការងាររបស់ក្រសួងការបរទេស សមត្ថភាព អ្នកការទូត និងមន្ត្រីការបរទេសកម្ពុជា និងការកែលម្អការងារសម្របសម្រួលជាមួយស្ថាប័នជាតិផ្សេងទៀត ដើម្បីការពារ និងលើកកម្ពស់ផលប្រយោជន៍ជាតិ និងសុខុមាលភាពប្រជាជនកម្ពុជា៕ដោយ/សួង ពិសិដ្ឋ













