ក្រសួងអប់រំ៖ការប្រឡងឌីប្លូមរយៈពេល២ថ្ងៃបញ្ចប់ដោយរលូនល្អ និងអាចទទួលយកបាន

រាជធានីភ្នំពេញ៖ ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងឱ្យដឹងថា
ការដំណើការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិឬហៅថាឌីប្លូមរយៈពេល២ថ្ងៃ ពោលគឺចាប់ពីថ្ងៃ១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២១បានបញ្ចប់ដោយលទ្ធផលអាចទទួលយកបានតាមការគ្រោងទុក។
បញ្ជាក់ប្រាប់ AMSនៅល្ងាចថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២១នេះឯកឧត្តម រស់ សុវាចា បាន ឱ្យដឹងថា “ដូចឆ្នាំកន្លងមកដែរ បេក្ខជនប្រឡងឌីប្លូមមួយចំនួនតូច អវត្តមានក្នុងអំឡុងពេលប្រឡងនេះ ដោយសារមូលហេតុបុគ្គល។ ការប្រឡងឌីប្លូមបានបន្តអនុវត្តន៍គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ស្របនឹងវិធានការសុវត្ថិភាពសុខភាព”។
ឯកឧត្តមឱ្យដឹងបន្ថែមថា ចំពោះកាលបរិច្ឆេទប្រកាសលទ្ធផលប្រឡងឌីប្លូមនេះដែរគឺនឹងធ្វើឡើងនៅថ្ងៃទី ២២ វិច្ឆិកា ២០២១ខាងមុខ។
ជុំវិញការប្រឡងឌីប្លូមនេះមន្រ្តីអ្នកនាំពា្យរូបនេះបានលើកឡើង ថា ក្រសួងអប់រំ យុវជន និងកីឡាសូមថ្លែងអំណរគុណជូនចំពោះបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ បេក្ខជនប្រឡងឌីប្លូម មាតាបិតា និងគ្រប់ភាគីពាក់ព័ន្ធដែលបានចូលរួមរៀបចំ និងគាំទ្រដំណើរការប្រឡងឌីប្លូម ដោយបានអនុវត្តខ្ជាប់ខ្ជួននូវនីតិវិធីប្រឡង និងវិធានការសុវត្ថិភាពសុខភាព។
គួរបញ្ជាក់ថាការ ប្រឡងឌីប្លូមនាឆ្នាំនេះមានបេក្ខជនសរុប ១៦២ ៥៨៩ នាក់ (នារី ៨៧ ៨៧១នាក់),ចំនួនមណ្ឌលប្រឡង១៧២២និងចំនួនបន្ទប់ប្រឡង ៧៣២៧បន្ទប់៕ដោយ៖ម៉ាដេប៉ូ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner