សមត្ថកិច្ចទុកពេល៣ថ្ងៃត្រូវរុះរើឱ្យអស់ចំពោះអាជីវករយកទ្រូងផ្លូវធ្វើអាជីវកម្មបង្កប៉ះពាល់សណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍លើកំណាត់ផ្លូវ២៧១ ម្តុំខ្លោងទ្វារវត្តសន្សំកុសលខណ្ឌមានជ័យ
ភ្នំពេញ៖ នៅលើកំណាត់ផ្លូវលេខ២៧១ ម្តុំខ្លោងទ្វារវត្តសន្សំកុសល ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលតែងរងការកកស្ទះចរាចរណ៍បង្កប៉ះពាល់សណ្តាប់សុវត្ថិភាពចរាចរណ៍ដោយការយកទ្រូងផ្លូវធ្វើអាជីវកម្មពីសំណាក់អាជីវករនៅម្តុំនោះ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងការិយាល័យសណ្តាប់ធ្នាប់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះទៅរៀបចំសណ្តាប់ធ្នាប់និងរំដោះទ្រូងផ្លូវឱ្យបានធំទូលាយនឹងឱ្យមានរបៀបរយល្អឡើងវិញជាមួយនឹងការ ព្រមានទុកពេលវេលា០៣ថ្ងៃចំពោះបងប្អូនអាជីវករត្រូវរុះរើ ឱ្យអស់ដោយខ្លួនឯង នូវឧបករណ៍សម្ភារៈ រឺទំនិញផ្សេង ដែលបានដាក់តាំងលក់រំលោភលើទ្រូងផ្លូវនោះ ប្រសិនផុតឱសានវាទមិនគោរពទៅតាមការណែនាំរបស់សមត្ថកិច្ចនឹងត្រូវចាត់វិធានការតាមផ្លូវច្បាប់នោះហើយ។ការចុះរៀបចំសណ្តាប់ធ្នាប់នៅលើកំណាត់ផ្លូវ២៧១ នេះផងដែរ នៅទន្ទឹមដែលអាជ្ញាធរសមត្ថកិច្ច រាជធានីភ្នំពេញ កំពុងដាក់ចេញនូវវិធានការចុះពង្រឹងអនុវត្តនៃការរៀបចំសណ្តាប់ធ្នាប់នៅតាមដងផ្លូវនានាដែលមានភាពស្មុគស្មាញក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក អេម សម្បត្តិ នាយការិយាល័យនគរបាលសណ្តាប់ធ្នាប់ប្រាប់ឱ្យដឹងថា ការចុះរៀបចំសណ្តាប់ធ្នាប់នៅពេលនេះ ដែលមានការដឹកនាំបញ្ជាកម្លាំងផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី សែម គន្ធា ស្នងការរងទទួលផែនការងារសណ្តាប់ធ្នាប់ ដើម្បីពង្រឹងអនុវត្តលើការងារសណ្តាប់ធ្នាប់នេះឱ្យមានភាពប្រសើរហើយកម្លាំងនឹងបន្តចុះអនុវត្តជាប្រចាំទៅលើគោលដៅនានាដែលមានភាពស្មុគស្មាញ។
លោកវរសេនីយ៍ឯក អេម សម្បត្តិ នាយការិយាល័យនគរបាលសណ្តាប់ធ្នាប់ប្រាប់ឱ្យដឹងទៀតថា ជុំវិញនៃការចុះរៀបចំសណ្តាប់ធ្នាប់នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ កម្លាំងការិយាល័យសណ្តាប់ធ្នាប់អនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញនឹងបន្តចុះសហការជាមួយកម្លាំងតាមបណ្តាខណ្ឌទាំង១៤ប្រើប្រាស់នូវមធ្យោបាយផ្សេងៗដើម្បីបន្តចេញដោះស្រាយទៅលើបញ្ហាសណ្តាប់ធ្នាប់នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ឱ្យមានគុណភាពប្រសិទ្ធភាពនិងឱ្យល្អប្រសើរក្នុងនោះក៏អំពាវនាវឱ្យប្រជាពលរដ្ឋទូទៅនាំគ្នាចូលរួមសហការជាមួយអាជ្ញាធរសមត្ថកិច្ចដើម្បីលើកកម្ពស់សោភ័ណភាព សណ្តាប់ធ្នាប់សុវត្ថិភាព ចរាចរណ៍ នៅក្នុង រាជធានីភ្នំពេញឱ្យកាត់តែប្រសើរឡើងតាមរយៈនៃការចូលរួមគោរពច្បាប់និងសេចក្តីណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច៕ ដោយ / គ្រី សម្បត្តិ







