ប្រតិភូកាកបាទក្រហមកម្ពុជា បន្តបេសកកម្មផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋ ចំនួន ២៥៤គ្រួសារ រងគ្រោះដោយទឹកជំនន់ និងងាយរងគ្រោះបំផុត នៅស្រុកលំផាត ខេត្តរតនគិរី
រតនគិរី ៖ ប្រតិភូកាកបាទក្រហមកម្ពុជា ដឹកនាំដោយឯកឧត្តមវេជ្ជ អ៊ុយ សំអាត និងសមាជិក សមាជិកា សាខា-អនុសាខា ខេត្តរតនគិរី ក្រុមប្រតិបត្តិសាខា បានបន្តបេសកកម្មផ្តល់អំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋ ចំនួន ២៥៤គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ និងងាយរងគ្រោះបំផុត នៅ១៣ភូមិ ឃុំកាឡែង ឃុំជ័យឧត្តម និងឃុំសេដា ស្រុកលំផាត ខេត្តរតនគិរី នៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២១។
ក្នុងឱកាសនោះដែរ ឯកឧត្តមវេជ្ជ. បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំសាខាកាកបាទក្រហមកម្ពុជា និងក្រុមប្រតិបត្តិសាខា យុវជននិងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ជាពិសេសអជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងជួយដល់រងគ្រោះដោយទឹកជំនន់ និងងាយរងគ្រោះបំផុត បានទាន់ពេលវេលា។ ឯកឧត្តមវេជ្ជ. បានមានប្រសាសន៍បន្ថែមទៀតថា “យើងទាំងអស់គ្នាអាចភ្លេចកូវីដ-១៩ តែកូវីដ-១៩មិនដែលបំភ្លេចយើងទេ ឲ្យតែយើងភ្លេចខ្លួនឬធ្វេសប្រហែសតែបន្តិច យើងអាចបាត់បងជីវិតដោយសារវាបាន ព្រោះវាជាសត្រូវគ្មានរូបរាង សូមបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាចូលរួមអនុវត្តនូវវិធានការរបស់រាជដ្ឋាភិបាល និងក្រសួងសុខាភិបាល ដោយពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ លាងដៃឲ្យបានញឹកញាប់ និងរក្សាគម្លាតយ៉ាងតិច១ម៉ែត្រកន្លះ”។
ជាកិច្ចបញ្ចប់នេះ ឯកឧត្តមវេជ្ជ សូមថ្លែងអំណរគុណសារជាថ្មី និងជូនពរថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ យុវជន អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា និងប្រជាពលរដ្ឋទាំងអស់បានជួបតែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
គ្រួសារនីមួយៗទទួលបាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ទឹកត្រី ៦ដប ទឹកស៊ីអ៊ីវ ៦ដប និងបណ្ណប្រកាសអំពីជំងឺកូវីដ-១៩ ចំនួន ២សន្លឹក៕ ដោយ / គ្រី សម្បត្តិ









