មិនទាន់ឆ្លងឆ្នាំផង ថៃទទួលទេសចរបរទេស៣៩លាននាក់រួចបាត់ហើយ
រដ្ឋមន្ត្រីក្រសួងទេសចរណ៍នៃប្រទេសថៃអះអាងថា ថៃបានទទួលស្វាគមន៍ទេសចរណ៍អន្តរជាតិចំនួន៣៩លាននាក់រួចបាត់ទៅហើយ ស្របពេលដែលថ្ងៃឆ្លងឆ្នាំសកល ឆ្នាំ២០២០ នឹងចូលមកដល់ ឆាប់ៗនេះ។

លោក រដ្ឋមន្ត្រី Pipat Ratchakitprakan បានដឹកនាំក្រុមន្ត្រីជាន់ខ្ពស់ពិនិត្យចំណតអាកាសយានដ្ឋានសុវណ្ណាភូមិ កាលពីចុងសប្តាហ៍កន្លងទៅ ពោលគឺជាថ្ងៃចាប់ផ្តើមនៃរដូវកាលទេសចរណ៍បុណ្យឆ្លងឆ្នាំសកល ដោយរកឃើញថា មានទេសចរ៣៩លាននាក់ហើយបានមកដល់ប្រទេសថៃនោះ។

ចំនួនទេសចរបរទេសនៅឆ្នាំ២០១៩នេះបានឈានដល់ចំនួន៣៩លាន៧៧ម៉ឺននាក់ កើនឡើង៤ភាគរយ ទទួលចំណូល១.៩៦ទ្រីលានបាត ឬ ៦៥ពាន់លានដុល្លារអាមេរិក សម្រាប់ប្រទេសថៃ នេះបើតាមលោករដ្ឋមន្ត្រីទេសចរណ៍ប្រាប់អ្នកសារព័ត៌មាននៅចំណតអាកាសយានដ្ឋានអន្តរជាតិសុវណ្ណាភូមិ កាលពីថ្ងៃសុក្រសប្តាហ៍មុន។

លោក Pipat ក៏បញ្ជាក់ដែរថា ទីផ្សារទេសចរណ៍ក្នុងស្រុកមាន១៦៧លាននាក់ ចាក់បញ្ជូលក្នុងសេដ្ឋកិច្ចជាតិ ១.១ទ្រីលានបាត ឬ ៣៦.៤ពាន់លានដុល្លារអាមេរិក ដូច្នេះចំណូលទេសចរសរុបសម្រាប់ពេញ១ឆ្នាំ មាន៣.០៦ទ្រីលានបាត ឬ ១០១.៤ពាន់លានដុល្លារអាមេរិក កើនឡើង៤ភាគរយ៕ធ.ដ

