មន្រ្តីជាន់ខ្ពស់សេតវិមានអះអាងថា សហរដ្ឋអាមេ៉រិកនឹងខកចិត្តជាខ្លាំង បើសិន កូរ៉េខាងជើងបន្តធ្វើតេស្តមីស៊ីលជាថ្មីទៀត

សហរដ្ឋអាមេ៉រិក៖ សហរដ្ឋអាមេរិកនឹងខកចិត្តយ៉ាងខ្លាំង ប្រសិនបើកូរ៉េខាងជើងធ្វើការសាកល្បងមីស៊ីលដែលហោះបានចម្ងាយឆ្ងាយ ឬក៏មីស៊ីលដែលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ នេះបើតាមទីប្រឹក្សាសន្តិសុខជាតិសេតវិមានប្រធានាធិបតីអាមេរិក លោក Robert O’Brien ។

ថ្លែងប្រាប់អ្នកយកព័ត៌មាន ទីប្រឹក្សាសន្តិសុខជាតិសេតវិមានរូបនេះបាននិយាយទៀតថា សហរដ្ឋអាមេរិកនឹងចាត់វិធានការសមរម្យក្នុងនាមជាប្រទេសមហាអំណាចយោធា និងសេដ្ឋកិច្ចនាំមុខគេ ប្រសិនបើកូរ៉េខាងជើងធ្វើការសាកល្បងមីស៊ីលទាំងនេះ លោកថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនមានមធ្យោបាយជាច្រើន ក្នុងការឆ្លើយតបចំពោះរឿងនេះ ។

ការកត់សម្គាល់បែបនេះរបស់លោក Robert O’Brien ត្រូវបានធ្វើឡើងក្រោយកូរ៉េខាងជើងបានព្រមានផ្ញើ «កាដូថ្ងៃ Christmas» ប្រសិនបើសហរដ្ឋអាមេរិកមិនព្រមបន្ធូរបន្ថយគោលជំហររបស់ខ្លួន សម្រាប់ការចរចានុយក្លេអ៊ែរនៅត្រឹមចុងឆ្នាំនេះ ដែលជាកាលបរិច្ឆេទផុតកំណត់ដែលទីក្រុងព្យុងយ៉ាងបានដាក់ឲ្យទីក្រុងវ៉ាស៊ីនតោន ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner