ទីបំផុតអូស្ត្រាលីអនុម័តការបាញ់កាំជ្រួចអបអរឆ្នាំថ្មី បើទោះជាមានការព្រួយបារម្ភអំពីផ្សែងដែលនឹងបន្ថែមលើផ្សែងភ្លើងឆេះព្រៃ
អូស្រា្តលី៖ ការបាញ់កាំជ្រួចជាប្រពៃណីនៅក្នុងទីក្រុងស៊ីដនីដើម្បីអបអរឆ្នាំថ្មី ត្រូវបានអនុម័តជាផ្លូវការហើយ បន្ទាប់ពីម្តងថានៅតែបន្ត និងក្រោយមកថាផ្អាកដោយសារព្រួយបារម្ភអំពីផ្សែងពីការបាញ់កាំជ្រួច ដែលនឹងបូកបន្ថែមលើផ្សែងភ្លើងឆេះព្រៃដែលកំពុងធ្វើអោយអាប់អួរប្រទេសអូស្ត្រាលីស្រាប់ ។

ដោយមានសម្ពាធអោយបន្តធ្វើព្រឹត្តិការណ៍ប្រចាំនេះ ដោយសារការចំណាយរួចនិងប៉ះពាល់សេដ្ឋកិច្ចរបស់រដ្ឋ និង ភ្ញៀវដែលកក់សំបុត្រយន្តហោះ ឬបន្ទប់សណ្ឋាគាររួចផងនោះ ទើបសេវាអគ្គិភ័យរដ្ឋ New South Wales បានអនុម័តលើការបាញ់កាំជ្រួចនៅក្រុងស៊ីដនីនេះ នៅក្នុងថ្ងៃចន្ទម្សិលមិញ ពោលគឺប៉ុន្មានម៉ោងមុនព្រឹត្តិការណ៍នេះចាប់ផ្តើម ។

សូមរំលឹកថា កន្លងមក នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ស្កត់ ម័ររីសុន ក៏ធ្លាប់បាននិយាយដែរថា ការបាញ់កាំជ្រួចនេះគួរបន្តធ្វើ ដើម្បីបង្ហាញពិភពលោកថា អូស្ត្រាលីធន់ និងមានសមត្ថភាពប្រឈមដោះស្រាយវិបត្តិ ប៉ុន្តែអភិបាលរងរដ្ឋ New South Wales បានបញ្ជាក់ថា វាគួរលុបចោល ដោយសារហានិភ័យខ្ពស់ និង គួរគោរពអ្នកស្ម័គ្រចិត្តដ៏នឿយហត់របស់យើង ៕ធ.ដ
