ទូតចិនប្រចាំកម្ពុជាថា ដរាបណាកម្ពុជា មិនទាន់អស់មេរោគ និងជំងឺកូវីដ-១៩ទេនោះ ចិន ក៏មិនបញ្ឈប់ ការផ្គត់ផ្គង់ជំនួយវ៉ាក់សាំងមកកម្ពុជាដែរ ខណៈសម្ដេចតេជោ បានស្នើទៅភាគិចិន ជំរុញឱ្យមានរោងចក្រ សម្រាប់ផលិតវ៉ាក់សាំងចិន នៅប្រទេសកម្ពុជានាពេលខាងមុខ
ក្នុងពិធីប្រគល់-ទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិនចំនួន ២លានដូសបន្ថែមទៀត នាព្រឹកថ្ងៃពុធ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ឯកឧត្តម វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ដរាបណាកម្ពុជា មិនទាន់អស់មេរោគ និងជំងឺកូវីដ-១៩ទេនោះ ចិន ក៏មិនបញ្ឈប់ការផ្គត់ផ្គង់ជំនួយវ៉ាក់សាំងមកកាន់កម្ពុជាដែរ ខណៈសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើតាមរយៈឯកអគ្គរដ្ឋទូតចិននៅកម្ពុជា ជំរុញឱ្យមានរោងចក្រសម្រាប់ផលិតវ៉ាក់សាំងចិន នៅ ប្រទេសកម្ពុជានាពេលខាងមុខ ។
នៅក្នុងឱកាសនេះ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ឯកឧត្តម វ៉ាង វិនធាន (Wang Wentian) បានអបអរសាទរចំពោះកម្ពុជា ដែល សម្រេចបានភាពជោគជ័យក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដល់ប្រជាពលរដ្ឋកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត ចិនប្រចាំនៅកម្ពុជា បានអះអាងក្នុងនាមរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនថា ដរាបណាប្រទេសកម្ពុជា មិនទាន់អស់មេរោគ និងជំងឺកូវីដ-១៩ទេនោះ រដ្ឋាភិបាលចិន ក៏មិនបញ្ឈប់ការផ្គត់ផ្គង់ជំនួយវ៉ាក់សាំងបង្ការមេរោគកូវីដ-១៩ជូនមកកម្ពុជាដែរ ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រជាជន និងរដ្ឋាភិបាលចិន ដែលបានផ្តល់វ៉ាកសាំង បង្ការជំងឺកូវីដ-១៩ (Sinovac) ចំនួន២លានដូសនៅពេលនេះ។ ក្នុងរយៈពេលជិត២ឆ្នាំមកនេះ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ យកការចាក់វ៉ាក់សាំង ជាវិធានការគន្លឹះ បន្ថែមលើវិធានការសំខាន់ៗដទៃទៀត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ការពារសុខភាពសាធារណៈ និងជួយសង្រ្គោះអាយុជីវិតប្រជាជន។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ទៀតថា គិតត្រឹមថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ មិត្តចិន បានផ្តល់ជំនួយ និង សម្របសម្រួលក្នុងការបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សរុបចំនួន ៣៦,៨០០,០០០ដូស ដោយក្នុងនោះ កម្ពុជា ទទួលបាន វ៉ាក់សាំងជំនួយ ៨លាន ៣សែនដូស។ ជំនួយវ៉ាក់សាំងបន្ថែម២លានដូលនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងយុទ្ធនាការជាតិ ចាក់វ៉ាក់សាំងដូសជំរុញ ជូនដល់ប្រជាពលរដ្ឋទូទៅ ចាប់ពីអាយុ១៨ឆ្នាំឡើងទៅ និងចាក់វ៉ាក់សាំងដូសមូលដ្ឋានជូនដល់កុមារអាយុ ៥ឆ្នាំ ក្នុងក្របខណ្ឌទូទាំងប្រទេស។
សម្ដេចតេជោ បានស្នើតាមរយៈឯកអគ្គរដ្ឋទូតចិននៅកម្ពុជា ទៅកាន់ឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីចិន និងនាយករដ្ឋមន្រ្តីចិន ដើម្បីជំរុញឱ្យមានរោងចក្រសម្រាប់ផលិតវ៉ាក់សាំងចិននៅប្រទេសកម្ពុជាផងដែរនៅពេលខាងមុខ។ សម្តេចតេជោ បានបញ្ជាក់ថា ធ្វើដូច្នេះកម្ពុជា មានលទ្ធភាពដើម្បីទិញវ៉ាក់សាំងដែលផលិតនៅក្នុងរោងចក្រដែលផលិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីចាក់ នៅក្នុងប្រទេសខ្លួនឯងផង ហើយកម្ពុជា ក៏មានលទ្ធភាពដើម្បីចែកចាយវ៉ាក់សាំងនេះ ទៅកាន់ប្រទេសដទៃ តាមរយៈនៃការបញ្ជា ទិញរបស់ប្រទេសដទៃផងដែរ។ សម្ដេចតេជោសង្ឃឹមថា ឯកអគ្គរដ្ឋទូតចិន នឹងបញ្ជូនសំណើរបស់សម្តេចទៅកាន់ ឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីចិន និងឯកឧត្តមនាយករដ្ឋមន្រ្តី លី ខឺឈាង ក៏ដូចជាផ្នែកពាក់ព័ន្ធដទៃទៀតឱ្យបានឆាប់រហ័ស ដើម្បីបើកឱ្យ មានការផលិតវ៉ាក់សាំង នៅក្នុងប្រទេសកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន ក៏បន្តអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សូមប្រញាប់ បន្តទៅចាក់វ៉ាក់សាំងអោយគ្រប់ចំនួនដូសទាំងអស់គ្នា និងបានជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យជួបតែសេចក្តីសុខ សេចក្តី ចម្រើន ជៀសផុតពីជម្ងឺកូវីដ-១៩ ទាំងអស់គ្នា ៕ ដោយវណ្ណលុក






