លោក បៃដិន ប្រាប់លោក ស៊ី ថា ច្បាប់ស្តីពីតៃវ៉ាន់ សហរដ្ឋអាមេរិកមិនទទួលស្គាល់ឯករាជ្យភាពតៃវ៉ាន់ឡើយ ប៉ុន្តែអាមេរិកប្តេជ្ញាជួយកោះតៃវ៉ាន់

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃ​ដិន បានគូសបញ្ជាក់ថា លោក​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ទៅកាន់​លោក ស៊ី ជីន​ពីង ​ថា ​ជំហររបស់សហរដ្ឋអាមេរិកទៅលើអធិបតេយ្យភាពរបស់ចិន គឺមិនមានការផ្លាស់ប្តូរឡើយ ប៉ុន្តែ​លោក​ថា កោះ​តៃវ៉ាន់ដែល​គ្រប់គ្រង​ដោយ​ខ្លួនឯង ​ត្រូវ​ធ្វើ​ការសម្រេចចិត្ត​ដោយ​ខ្លួនឯង​។

មួយថ្ងៃបន្ទាប់ពីបានជួបពិភាក្សាតាមប្រព័ន្ធវីដេអូជាលើកដំបូងជាមួយប្រធានាធិបតីចិនលោក សី ជីនពីង លោក ចូ បៃដិន បានប្រាប់អ្នកយកព័ត៌មានអំឡុងការចេញដំណើរទៅកាន់រដ្ឋ ញូ ហេមសឺ ថា យើងមិនមែនកំពុងផ្លាស់ប្តូរ គោលនយោបាយរបស់យើងទេ។ យើងក៏មិនមែនកំពុងលើកទឹកចិត្ត ចំពោះឯករាជ្យភាពតៃវ៉ាន់នោះដែរ។ យើងពេលនេះកំពុងតែលើកទឹកចិត្តពួកគេ អោយធ្វើអ្វីៗតែទៅតាមច្បាប់ Taiwan Act បានចែងប៉ុណ្ណោះ។ នេះហើយជាអ្វីដែលយើងកំពុងធ្វើ ទុកអោយពួកគេជាអ្នកសម្រេចចិត្ត។ នៅក្នុងច្បាប់ស្តីពីតៃវ៉ាន់ (Taiwan Act) សហរដ្ឋអាមេរិកមិនទទួលស្គាល់ឯករាជ្យភាពតៃវ៉ាន់ឡើយ ប៉ុន្តែអាមេរិកប្តេជ្ញាជួយកោះតៃវ៉ាន់អោយមានសមត្ថភាពការពារខ្លួនឯង។

ទោះបីជាយ៉ាងណាក៏ដោយ លោក ស៊ី ជីនពីង បានបញ្ជាក់ប្រាប់លោក ចូ បៃដិន វិញថា ប្រទេសចិននឹងចាំបាច់ត្រូវចាត់វិធានការដ៏ម៉ឹងម៉ាត់ ប្រសិនបើចលនាទាម ទារឯករាជ្យរបស់តៃវ៉ាន់ ហ៊ានឈានជើងផ្លោះរំលងខ្សែបន្ទាត់ក្រហម។ លោក ស៊ី បានសង្កត់ធ្ងន់ប្រាប់លោក បៃដិន ថា ការគាំទ្ររបស់អាមេរិកចំពោះចលនាឯករាជ្យតៃវ៉ាន់ នឹងប្រៀបដូចជាការប្រលែងលេងជាមួយភ្លើងយ៉ាងដូច្នោះ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner