ប្រជាពលរដ្ឋ ចំនួន ៧៤០គ្រួសារ រងគ្រោះដោយទឹកជំនន់ និងងាយរងគ្រោះបំផុត នៅស្រុកកូនមុំ ខេត្តរតនគិរី ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

រតនគិរី ៖ ឯកឧត្តមវេជ្ជ អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា និងសមាជិក សមាជិកា សាខា-អនុសាខា ខេត្តរតនគិរី ក្រុមប្រតិបត្តិសាខា បានបន្តផ្តល់អំណោយមនុស្សធម៌ចំនួន ៧៤០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ និងងាយរងគ្រោះបំផុត ៦ភូមិ ៣ឃុំ ស្រុកកូនមុំ ក្នុងផែនការចែកចាយសរុប១,៣៦៧គ្រួសារក្នុងខេត្តរតនគិរី នាថ្ងៃទី៣ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ។

ឯកឧត្តមវេជ្ជ. ពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្តីនឹករលឹក។ ឯកឧត្តមវេជ្ជ. បានបន្ថែមថា អំណោយនាពេលនេះ មិននឹងអ្វីដែលបាត់បង់ក៏ពិតមែន ប៉ុន្តែវាអាចសម្រាលការលំបាកបងប្អូនបានគ្រាផងដែរ។ ឯកឧត្តមវេជ្ជមានប្រសាសន៍ ដាសតឿនក្រើនរំលឹកដល់បងប្អូនទាំងអស់ សូមចូលអនុវត្តនូវវិធានការ ៣ការពារ ៣កុំ ដើម្បីការពារខ្លួនឯង និងសុវត្ថិភាពគ្រួសាររបស់ខ្លួនផង ព្រមទាំងឲ្យប្រទេសកម្ពុជារបស់យើងអាចបញ្ជប់ការរីករាលដាលនៃជំងឺដ៏កាចសាហាវនេះក្នុងពេលឆាប់ៗនេះ”។

ក្នុងឱកាសនោះដែរ តំណាងប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងងាយរងគ្រោះបំផុតទាំងអស់ មានសេចក្តីត្រេកអរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ពេលវេលា គ្រប់ទីកន្លែង ស្របតាមពាក្យស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា-ដោយមិនទុកនរណាម្នាក់ចោល” និងសូមបួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកសូមប្រទានជូនពរសម្តេចនូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ គ្រួសារនីមួយៗទទួលបាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ទឹកត្រី ៦ដប និងទឹកស៊ីអ៊ីវ៦ដប៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner