លោក ស៊ី ជីនពីង គូសបញ្ជាក់ពីគោលការណ៍ ៣ អាទិភាពចំនួន ៤ ដើម្បីអភិវឌ្ឍទំនាក់ទំនងចិន-សហរដ្ឋអាមេរិក
ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ថ្លែងថា ប្រទេសរបស់លោក និងអាមេរិកគួរតែប្រកាន់យកគោលការណ៍ចំនួន ៣ នៅពេលដោះស្រាយទំនាក់ទំនងទ្វេភាគីក្នុងយុគសម័យថ្មី ដើម្បីការពារទំនាក់ទំនងមិនឱ្យធ្លាក់ចុះ ហើយបានគូសបញ្ជាក់ពីវិស័យអាទិភាពចំនួន ៤ ដើម្បីជំរុញទំនាក់ទំនងតទៅមុខ។
លោក ស៊ី បានធ្វើការកត់សម្គាល់បែបនេះនៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូជាលើកដំបូងប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ក្នុងអំឡុងមេដឹកនាំទាំងពីរបានពិភាក្សាអំពីបញ្ហាយុទ្ធសាស្ត្រ និងជាមូលដ្ឋាន។ គោលការណ៍ ៣ មានដូចជា៖ គោលការណ៍ទីមួយដែលលើកឡើងដោយលោក ស៊ី គឺប្រទេសទាំងពីរគួរតែគោរពគ្នាទៅវិញទៅមកនូវប្រព័ន្ធសង្គម និងមាគ៌ាអភិវឌ្ឍន៍ ក៏ដូចជាផលប្រយោជន៍ស្នូល និងកង្វល់សំខាន់ៗរបស់គ្នាទៅវិញទៅមក។ ចិន និងសហរដ្ឋអាមេរិកគួរតែរួមរស់ជាមួយគ្នាដោយសន្តិភាព និងបន្តកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។ ទីពីរ លោក ស៊ី បាននិយាយថា គ្មានជម្លោះ និងគ្មានការប្រឈមមុខដាក់គ្នា គឺជាខ្សែបន្ទាត់ដែលភាគីទាំងពីរត្រូវតែប្រកាន់យក។ ទីបី លោក ស៊ី បានស្នើថា ភាគីទាំងពីរគួរតែប្រកាន់ខ្ជាប់នូវគោលការណ៍នៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។
វិស័យអាទិភាពចំនួន ៤ និយាយអំពីការអភិវឌ្ឍន៍នាពេលអនាគតនៃទំនាក់ទំនងទ្វេភាគី ដោយលោក ស៊ី បានគូសបញ្ជាក់អំពីវិស័យអាទិភាពចំនួន ៤ ដែលលោកជឿជាក់ថា កិច្ចខិតខំប្រឹងប្រែងរួមគ្នាគួរតែត្រូវបានដាក់បញ្ចូល។ ទីមួយ ចិន និងសហរដ្ឋអាមេរិកគួរតែផ្តល់ការទទួលខុសត្រូវក្នុងនាមជាប្រទេសធំៗ ដើម្បីដឹកនាំកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការដោះស្រាយបញ្ហាប្រឈមជាសកល។ ទីពីរ លោក ស៊ី បានអំពាវនាវឱ្យភាគីទាំងពីរបង្កើនការផ្លាស់ប្តូរក្នុងកម្រិត និងវិស័យផ្សេងៗ ដើម្បីបញ្ចូលកម្លាំងជំរុញបន្ថែមទៀតនៅក្នុងទំនាក់ទំនងទ្វេភាគី។ ភាគីទាំងពីរគួរតែបង្កើនការផ្លាស់ប្តូរ និងសិក្សាពីគ្នាទៅវិញទៅមកលើវិស័យដែលមានផលប្រយោជន៍រួម ដូចជាសេដ្ឋកិច្ច ថាមពល យោធា ការអនុវត្តច្បាប់ ការអប់រំ បច្ចេកវិទ្យា អ៊ីនធើណិត និងការការពារបរិស្ថាន។ លោក ស៊ី បានអំពាវនាវឱ្យភាគីទាំងពីរដោះស្រាយបញ្ហាជាក់លាក់ និងជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង តាមរយៈបណ្តាញ និងយន្តការផ្សេងៗ។ ទីបី លោក ស៊ី បានអំពាវនាវឱ្យមានវិធានការស្ថាបនា ដើម្បីគ្រប់គ្រងភាពខុសគ្នា និងបញ្ហារសើប ដើម្បីជៀសវាងទំនាក់ទំនងទ្វេភាគីធ្លាក់ចុះ។ ដោយកត់សម្គាល់ភាពខុសគ្នារវាងភាគីទាំងពីរ លោក ស៊ី បាននិយាយថា គន្លឹះគឺបង្កើតការគ្រប់គ្រងប្រកបដោយការស្ថាបនា ដើម្បីជៀសវាងបញ្ហាកាន់តែយ៉ាប់យ៉ឺន។
ទី៤ លោក ស៊ី បានស្នើថា ប្រទេសទាំងពីរគួរតែពង្រឹងការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការលើបញ្ហាអន្តរជាតិ និងតំបន់សំខាន់ៗ ហើយធ្វើការរួមគ្នាដើម្បីផ្តល់ទំនិញសាធារណៈបន្ថែមទៀតសម្រាប់សហគមន៍អន្តរជាតិ។ លោក ស៊ី ក៏បានកត់សម្គាល់ផងដែរថា ពិភពលោកមិនតែងតែមានសន្តិភាពឡើយ ដូច្នេះលោកសង្ឃឹមថា ចិន និងអាមេរិកអាចធ្វើការរួមគ្នាជាមួយសហគមន៍អន្តរជាតិ ដើម្បីការពារសន្តិភាព និងការអភិវឌ្ឍន៍ពិភពលោក ព្រមទាំងសណ្តាប់ធ្នាប់អន្តរជាតិដោយយុត្តិធម៌៕ ប្រភព៖ CGTN

