អគ្គលេខាធិការ Camsoc បញ្ជាក់ថា មេដាយមាសរបស់វីរៈកីឡាការិនី អ៊ុក ស្រីមុំ បង្ហាញពីមោទនភាពជាតិ និងជាគំរូជំរុញទឹកចិត្តកីឡាករ កីឡាការិនីកម្ពុជាទាំងអស់

មេដាយមាសរបស់វីរៈកីឡាការិនី អ៊ុក ស្រីមុំ គឺជាការបង្ហាញពីមោទនភាពជាតិ និងជាគំរូជំរុញទឹកចិត្តដល់កីឡាករ កីឡាការិនីកម្ពុជាទាំងអស់ ត្រៀមដណ្តើមមេដាយជូនកម្ពុជា ពីព្រឹត្តការណ៍កម្រិតអន្តរជាតិ នេះជាការបញ្ជាក់របស់ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ Camsoc ក្នុងឪកាសទទួលដំណើរត្រឡប់មកវិញរបស់ប្រតិភូកីឡាប៉េតង់កម្ពុជា នាអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ កាលពីល្ងាចម្សិលមិញ។


ថ្លែងប្រាប់ទូរទស្សន៍អប្សរា ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់ថា ការឈ្នះមេដាយមាសរបស់វិរៈកីឡាការិនីអ៊ុក ស្រីមុំ វាបានក្លាយជាគំរូមួយ សម្រាប់លើកទឹកចិត្តឲ្យកីឡាករ កីឡាការិនីខិតខំប្រឹងប្រែងដណ្តើមបានមេដាយមាស ។ ឯកឧត្តម អះអាងទៀតថា សមិទ្ធផលជោគជ័យដ៏ធំធេងនេះ វាបានក្លាយជាគំរូដឹកមុខជម្រុញឲ្យអត្តពលិកជម្រើសជាតិ ដាក់ទិសដៅសម្រាប់វិវឌ្ឍសមត្ថភាពដណ្តើមមេដាយមាសកម្រិតអន្តរជាតិ នឹងក្លាយជាវីរៈកីឡាករ កីឡាការិនី នាព្រឹត្តការណ៍ កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។


សូមបញ្ជាក់ថា ការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោក ឆ្នាំ២០២១ ម្ចាស់ផ្ទះ អេស្ប៉ាញ បានរៀបចំការប្រកួត៣ផ្នែក គឺផ្នែកនារី ផ្នែកបុរស និងយុវជន ប៉ុន្តែកម្ពុជាមិនបញ្ជូនផ្នែកយុវជនទៅចូលរួមនោះទេ ។ ជាលទ្ធផល កម្ពុជាដណ្តើមបានបមេដាយមាស ផ្នែកនារី លើវិញ្ញាសាវាយយកពិន្ទុ ដោយវីរៈកីឡាករិនី អ៊ុក ស្រីមុំ ខណៈក្រុមបុរស នឹងចាប់ផ្តើមប្រកួតពីថ្ងៃទី១៩ ដល់២១ ខែវិច្ឆិកា ឆ្នាំ២០២១៕ (រូបភាព Camsoc )

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner