ស្រវឹងស្រាបើកម៉ូតូកង់បីងោកមួយភាំងជ្រុលទៅបុកគូទរថយន្តព្រូសរេចង្កូតទៅបុកជញ្ជាំងផ្ទះប្រជាពលរដ្ឋរងការខូចខាតយ៉ាងដំណំ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាបើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងងោកមួយភាំងជ្រុលទៅបុកគូទរថយន្ត តូយូតា ព្រូស ហើយរេចង្កូតទៅបុកជញ្ជាំងផ្ទះប្រជាពលរដ្ឋរងការខូចខាតយ៉ាងដំណំ តែមិនបង្កឲ្យមានអ្នករងរបួស។   ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២ យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចស្តុប ណូគា តាមបណ្ដោយផ្លូវ ២៧១ ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តតូយូតា ព្រូស មួយគ្រឿង ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខភ្នំពេញ2AX-7107ធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ទិសដៅពីជើងទៅត្បូង លុះមកដល់ដល់ចំណុចកើតហេតុខាងលើបានឈប់ និងភ្លើងស្តុប ខណៈនោះក៏មានបុរសម្នាក់បើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ពណ៌ស គ្មានស្លាកលេខ ធ្វើដំណើរស្របទិសដៅគ្នាមកបុកពីក្រោយចំផ្នែកខាងស្ដាំបណ្ដាលឲ្យបែកស្តុបមួយចំហៀង និងកាង រងការខូចខាតយ៉ាងដំណំចំណែកម៉ូតូកង់បីឥណ្ឌាបានរេចង្កូតទៅបុកជញ្ជាំងផ្ទះជាពលរដ្ឋខ្ទប់ជាប់ទៅមុខលែងរួចខូចខាតមួយកំណាត់មុខ តែមិនបង្កឲ្យមានអ្នករងរបួស។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ដោយឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នាដោយភាគីខាងម៉ូតូកង់បី បានចេញសំណងចំនួន ៥០០ ដុល្លារទៅឲ្យខាងភាគីរថយន្តដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner