កងកម្លាំងអ៊ីស្រាអែលបាញ់សម្លាប់បុរសជនជាតិប៉ាឡេស្ទីនម្នាក់នៅតំបន់ West Bank

ក្រុម​គ្រូពេទ្យ​ប៉ាឡេស្ទីន​និយាយ​ថា​ កងកម្លាំង​អ៊ីស្រាអែល​បាន​បាញ់​សម្លាប់​បុរស​ម្នាក់​អាយុ​ ២៦​ ​ឆ្នាំ​​ក្នុង​ទី​ក្រុង​ Tubas ​នៅ​តំបន់​ West Bank ​បន្ទាប់​ពី​ការ​ប្រឈម​មុខ​ដាក់​គ្នា​​ផ្ទុះ​ឡើង​ក្នុង​អំឡុង​ពេល​ការ​វាយ​ឆ្មក់​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​។​

​យោង​តាម​​ក្រសួង​​សុខាភិបាល​​ប៉ាឡេស្ទីន​ បុរស​ជន​រ​ង​គ្រោះឈ្មោះ​ ​Saddam Hussein Bani Odeh ​ត្រូវ​បាន​បាញ់​ទម្លុះ​ពី​ស្មា ​ធ្លុះ​ដល់​បេះដូង​ និង​សួត​ខាង​ឆ្វេង​​ ហើយ​ស្លាប់​នៅ​ពេល​មក​ដល់​ក្បែរ​មន្ទីរ​ពេទ្យ​។​

​ទីភ្នាក់ងារ​​សារព័ត៌មាន​ប៉ាឡេស្ទីន​ Maan ​រាយការណ៍​ថា​ ឧបទ្ទវហេតុ​នេះ​​កើត​ឡើង​បន្ទាប់​ពី​ការ​ប្រឈម​មុខ​ដាក់​គ្នា​នៅ​ក្នុង​តំបន់​រវាង​ទាហាន​អ៊ីស្រាអែល​ និង​អ្នក​រស់​នៅ​ទីក្រុង​ Tubas ​ភ្លាម​ៗ​ បន្ទាប់​ពី​កង​ទ័ព​អ៊ីស្រាអែល​​វាយ​ឆ្មក់​ទីក្រុង​ដើម្បី​បង្រ្កាប​​តំបន់ ​West Bank ​ដែល​សម្បូរ​ជន​ជាតិ​ប៉ាឡេស្ទីន​រស់​នៅ​។​ យ៉ាង​ហោច​ណាស់​បុរស​ពីរ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពី​ផ្ទះ​​ ខណៈ​ដែល​ប្រាំបី​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ឃុំ​ខ្លួន​ពី​​កន្លែង​ផ្សេង​ៗ​គ្នា​ក្នុង​តំបន់​ព្រឹក​ថ្ងៃ​អង្គារ​។​

​ការ​ចាប់​ខ្លួន​នេះ​កើត​ឡើង​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​អ៊ីស្រាអែល​​ប្រកាស​ថា​ ខ្លួន​នឹង​ជំរុញ​ផែនការ​ធ្វើ​ផ្ទះ​ចំនួន​ ៣០០០ ​ខ្នង​ បន្ថែម​ទៀត​សម្រាប់​អ្នក​តាំង​លំនៅ​​​ថ្មី​នៃ​ជន​ជាតិ​ជ្វីហ្វ​នៅ​តំបន់​ West Bank ​ទោះ​បី​ជា​មាន​ការ​រិះគន់​ពី​អន្តរជាតិ​ចំពោះកា​រ​សាង​សង់​ខុស​ច្បាប់​ក៏​ដោយ​។​ ​

​ជន​ជាតិ​អ៊ីស្រាអែល​រាប់​សែន​នាក់​​សាង​សង់​លំនៅដ្ឋាន​នៅ​តំបន់​ West Bank ​ដែល​​ចាត់​ទុក​ថា​ជា​ការ​ខុស​ច្បាប់​​អន្តរជាតិ​។​ ទីតាំង​​លំនៅ​ឋាន​​ខ្លះ​​​ក៏​​ខុស​​ច្បាប់​​​អ៊ីស្រាអែល​ដែរ​ ប៉ុន្តែ​រដ្ឋាភិបាល​មាន​ការ​យឺត​យ៉ាវ​ ឬ​មិន​ចង់​ជម្លៀស​ពួក​គេ​ចេ​ញ​។​

​យោង​តាម​តួលេខ​របស់​ប៉ាឡេស្ទីន​ ប្រជាជន​ប៉ាឡេស្ទីន​ប្រហែល​ ៤ ៦៥០ ​នាក់​​ត្រូវ​ជាប់​នៅ​កន្លែង​ឃុំឃាំង​របស់​អ៊ីស្រាអែល​ រួម​ទាំង​ស្ត្រី​ជា​ច្រើន​នាក់​ និង​អនីតិជន​រាប់​រយ​នាក់​។​ ​

ប្រភព៖ Aljazeera

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner