កីឡាករចំណូលថ្មីទាំង៤រូបរបស់បឹងកេត សន្យាប្រឹងលេងឲ្យអស់ពីសមត្ថភាពដើម្បី យកលទ្ធផលល្អជូនក្លិបនារដូវកាលថ្មី
កីឡាករចំណូលថ្មីទាំង៤រូបរបស់បឹងកេត រួមមានអ្នកចាំទី ថា ច័ន្ទឫទ្ធី ខ្សែការពារ សៅ វ៉ៃហ្វី ខ្សែការពារ ជុង មករា និងខ្សែប្រយុទ្ធ សៀង ចន្ធា បានសន្យានៅចំពោះមុខម្ចាស់ក្លឹប លោកស្រី ពុធ ធីតា ស្របពេលដែលក្លិបបានរៀបចំពិធីបង្ហាញសមាសភាពគ្រូបង្វឹក នឹងកីឡាករចំណូលថ្មីជាផ្លូវការ កាលពីចុងសប្តាហ៍ ថានឹងប្រឹងប្រែងលេងបញ្ចេញអោយអស់ពីសម្ថភាព ដើម្បីប្រជែងយកលទ្ធផលល្អមកជូនក្លិប ខណៈការប្រកួតនារដូវកាលថ្មី ។

ក្នុងឱកាសលោកស្រី ពុធ ធីតា ម្ចាស់ក្លិបបឹងកេតបានសម្តែងក្តីសោមនស្សរីករាយ យ៉ាងក្រៃលែងចំពោះវត្តមាន លោក Apisit Im Amphai រួមទាំងកីឡាករវ័យក្មេង ៤រូបទៀតមកពីសាលាបាល់ទាត់ជាតិបាទី។ អ្នកស្រី ពុធ ធីតា ឲ្យដឹងថា ការនាំចូលកីឡាករវ័យក្មេងៗនាដូវកាលថ្មីនេះ ព្រោះចង់អភិវឌ្ឍន៍ធនធានយុវជន ប្រសិនបើកូនក្រុមក្នុងស្រុកកើនសមត្ថភាពកាន់តែល្អនៅពេលអនាគត នោះក្លិបនឹងពិចារណាបន្ថយការយកកីឡាករបរទេស ដើម្បីផ្តល់ឱកាសឲ្យកីឡាករក្នុងស្រុកបញ្ចេញសមត្ថភាព ។

គួររំលឹកថា ក្លឹបបឹងកេតគឺជាម្ចាស់ជើងឯកនៃការប្រកួតពានរង្វាន់ សម្តេចតេជោ ហ៊ុន សែន ២០១៩ ដែលបានធ្វើឡើងនៅកីឡដ្ឋានខេមបូឌានអ៊ែរវ៉េ កាលពីពេលកន្លងទៅថ្មីៗនេះ ។ ហើយរដូវកាលថ្មីនេះ ក្លិបបាននាំយក កីឡាករថ្មី៤រូប មកចូលរួមជាមួយដែលសុទ្ធសឹងតែជាកីឡាករ មកពីសាលាបាល់ទាត់ជាតិបាទី ទាំងអស់ដើម្បីត្រៀមចូលរួមដណ្តើមពានរង្វាន់លីគកំពូលកម្ពុជា និងជាពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាល២០២០ ៕ធ.ដ



