រុស្ស៊ីអះអាងពីការទប់ស្កាត់អំពើភេវរកម្មទាន់ពេលវេលា ដោយសារតែសហរដ្ឋអាមេរិកជួយចែករំលែកព័ត៌មានសម្ងាត់

រុស្ស៊ី៖ ក្នុងអំឡុងពេលធ្វើកិច្ចសន្ទនាគ្នាតាមទូរស័ព្ទ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានអរគុណសមភាគីអាមេរិកលោក ដូណាល់ ត្រាំ សម្រាប់ការចែករំលែកព័ត៌មានសម្ងាត់ រហូតឈានដល់ការទប់ស្កាត់បានទាន់ពេលវេលា ចំពោះគម្រោងវាយប្រហារភេរវកម្មនៅប្រទេសរុស្ស៊ី ។

ការសន្ទនាគ្នាតាមទូរស័ព្ទរបស់មេដឹកនំាប្រទេសទាំងពីរ បានកើតមានឡើងក្រោយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់រុស្ស៊ី FSB បានបញ្ជាក់ថា ព័ត៌មានដែលផ្តល់ឲ្យដោយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក បានជួយនាំទៅរកការចាប់ខ្លួនជនជាតិរុស្ស៊ីពីរនាក់ ដែលសំងំរៀបចំគម្រោងវាយប្រហារភេរវកម្ម នៅតាមទីសាធារណៈមួយចំនួនក្នុងទីក្រុង St. Petersburg កំឡុងឱកាសបុណ្យឆ្លងឆ្នាំសកលខាងមុខ ។

ប៉ុន្តែព្រមជាមួយគ្នា វិមានក្រឹមឡាំងរុស្ស៊ីពុំបានបញ្ជាក់លម្អិតបន្ថែមអំពីកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោក ពូទីន និងលោក ត្រាំ នោះទេ ដោយគ្រាន់តែសង្កត់ធ្ងន់ថា បញ្ហាជាច្រើនពាក់ព័ន្ធផលប្រយោជន៍រួមរវាងប្រទេសទាំងពីរ ត្រូវបានលើកមកពិភាក្សា ហើយមេដឹកនាំទាំងពីរបានឯកភាពគ្នារក្សាការធ្វើកិច្ចសហប្រតិបត្តិការទ្វេភាគី នៅក្នុងកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner