រុស្ស៊ី និង ចិនរៀបចំកិច្ចពិភាក្សាថែមទៀតនៅអង្គការសហប្រជាជាតិ ដើម្បីព្យាយាមបន្ធូរបន្ថយទណ្ឌកម្មលើកូរ៉េខាងជើង
បរទេស៖ សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានរៀបចំកិច្ចប្រជុំក្រៅផ្លូវការមួយនៅថ្ងៃច័ន្ទដើមសប្តាហ៍នេះ ដោយវាគឺជាការចរចាគ្នាជាលើកទី២ហើយ ដែលត្រូវបានស្នើឡើងដោយរុស្ស៊ី និងចិន ក្នុងគោលបំណងដកទណ្ឌកម្មមួយចំនួនចេញពីកូរ៉េខាងជើង ។

ចិន និង រុស្ស៊ីកំពុងខិតខំព្យាយាមធ្វើការចរចា មួយថ្ងៃមុនថ្ងៃកំណត់របស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន សម្រាប់សហរដ្ឋអាមេរិក ដើម្បីបង្ហាញភាពបត់បែននៅក្នុងកិច្ចចរចាដែលជាប់គាំង ក្នុងគោលបំណងធ្វើឱ្យទីក្រុងព្យុងយ៉ាង បោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន ។ ហើយកិច្ចប្រជុំខាងលើនេះដែរ ត្រូវបានធ្វើឡើងបន្ទាប់ពីមេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានដឹកនំាកិច្ចប្រជុំពេញអង្គរបស់គណៈកម្មាធិការមជ្ឈិមបក្សនៅទីក្រុងព្យុងយ៉ាង កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ (ម៉ោងក្នុងតំបន់) ។

ទន្ទឹមគ្នា ទីភ្នាក់ងារសារព័ត៌មាន KCNA បានហៅជំនួបនេះថា ជាសម័យប្រជុំថ្ងៃទី១ និងថា កិច្ចប្រជុំនេះមានបំណងជម្នះបញ្ហាជាច្រើន និងការលំបាក ហើយនឹងជំរុញការអភិវឌ្ឍបដិវត្តន៍ជាមួយនឹងគោលជំហរឯករាជ្យ ប្រឆាំងចក្រពត្តិ និងឆន្ទៈមោះមុត ហើយវាក៏នឹងពិភាក្សាបញ្ហាសំខាន់ៗនៅក្នុងបក្ស និងផ្នែកការពារជាតិ ៕ធ.ដ
