ភ្ញៀវទេសចរណ៍ជិត ១០.០០០នាក់ បានមកទស្សនាកំសាន្ត នៅក្នុងខេត្តកំពង់ចាម នាឱកាសថ្ងៃឈប់សម្រាក ០៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំនេះ
កំពង់ចាម ៖ នៅក្នុងឱកាសថ្ងៃឈប់សម្រាក នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក រយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ ភ្ញៀវទេសចរចំនួន ៩.៥១១នាក់ បានមកទស្សនាកំសាន្ត នៅតាមកន្លែងកម្សាន្ត និងរមណីយដ្ឋាននានា នៅក្នុងខេត្តកំពង់ចាម ។ នេះបើតាមការបញ្ជាក់ របស់ លោក ស៊ាន សុគុន ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ចាម ។
លោក ស៊ាន សុគុន បញ្ជាក់ទៀតថា ក្នុងរយៈពេល ៣ថ្ងៃនេះ ខេត្តកំពង់ចាម ទទួលបានភ្ញៀវមកលេងកំសាន្ត សរុប ចំនួន ៩.៥១១នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ៩.៤៣៤នាក់ និងភ្ញៀវបរទេសមានចំនួន ៧៧នាក់ ។ លោកប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ចាម បញ្ជាក់ផងដែរថា ភ្ញៀវដែលមកលេងកំសាន្ត នៅទីកន្លែងកម្សាន្ត និងរមណីយដ្ឋាននានារួមមាន ៖ រមណីយដ្ឋានទឹកឆា រមណីយដ្ឋានកសិទេសចរណ៍-ថ្មដាទឹកឆា រមណីយដ្ឋានប្រាសាទភ្នំហាន់ជ័យ រមណីយដ្ឋានបាមប៊ូរីសត រមណីយដ្ឋានភ្នំប្រុស-ភ្នំស្រី រមណីយដ្ឋាននគរបាជ័យ រមណីយដ្ឋានប្រាសាទភ្នំជើងព្រៃ និងនៅក្រុងកំពង់ចាម ។ ដោយឡែក ក្នុងរយៈពេល ៣ថ្ងៃនេះ គេសង្កេតឃើញថា ចំនួនភ្ញៀវទេសចរក្នុងថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក នៅក្នុងខេត្តកំពង់ចាម មានចំនួនច្រើនជាងថ្ងៃទី១ ។
ដោយឡែក នៅតាមបណ្តាមូលដ្ឋានអាជីវកម្ម សេវាកម្ម និងនៅតាមរមណីយដ្ឋាន មានសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយល្អ និងរៀបចំអនាម័យក្នុងបន្ទប់ទឹកបានស្អាតល្អ ហើយបានចូលរួមអនុវត្ត តាមវិធានការរបស់រាជរដ្ឋាភិបាល ក៏ដូចជា ការណែនាំរបស់ក្រសួងសុខាភិបាល និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) ។ ចំណែក នៅតាមរមណីយដ្ឋាននីមួយៗ យើងសង្កេតឃើញថា ការចំណាយជាមធ្យមរបស់ភ្ញៀវទេសចរ ក្នុងម្នាក់ គឺចាប់ពី ២០.០០០រៀល ទៅ ៦០.០០០រៀល ៕