រយៈពេល ៣ថ្ងៃនៃពិធីបុណ្យអុំទូកអកអំបុកមានភ្ញៀវទេសចរមកលេងក្នុងខេត្តកំពង់ឆ្នាំងសរុបជាង ១៣ម៉ឺននាក់
កំពង់ឆ្នាំង ៖ យោងតាមការបញ្ជាក់ពីប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង លោក សេង សាលី នៅព្រឹកថ្ងៃទី២២ ខែវិច្ចកា ឆ្នាំ២០២១បានឱ្យដឹងថា នៅក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ បណ្តែតប្រទីប រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០២១នេះ នៅខេត្តកំពង់ឆ្នាំង មានភ្ញៀវទេសចរណ៍បានមកលេង កំសាន្តនៅតាមរមណីយដ្ឋានទេស ចរណ៍នានាចំនួន ១៣.៨៩២នាក់ ភាគច្រើននៃភ្ញៀវទេសចរណ៍ គឺមកលេងនៅតំបន់ទេសចរណ៍ថ្មក្រាល ទេសចរណ៍ទឹកធ្លាក់ ស្រែអំពិល និងតំបន់ទេសចរណ៍វប្បធម៌ផ្សេងៗទៀតនៅក្នុងខេត្តកំពង់ឆ្នាំង ។
លោកប្រធានមន្ទីរទេសចរណ៍ បានបន្តថា ខេត្តកំពង់ឆ្នាំង មានសក្តានុពលទេសចរណ៍ចំនួន ២បែប ទី១សក្តានុពលទេសចរណ៍តាម បែបធម្មជាតិ និងទី២ សក្តានុពល ទេសចរណ៍តាមបែបវប្បធម៌ប្រវត្តិសាស្ត្រ ។ សក្តានុពលទេសចរណ៍ទាំង២បែបនេះកំពុងទាក់ទាញភ្ញៀវទេសចរជាបណ្តើរៗនាពេលបច្ចុប្បន្ននិងថ្ងៃអនាគត ។
ចំពោះសន្តិសុខនៅតំបន់ទេសចរណ៍នានាក្នុងខេត្តកំពង់ឆ្នាំង រយៈពេល ៣ថ្ងៃនេះ គឺកម្លាំងសមត្ថកិច្ចយើងនៅគ្រប់មូលដ្ឋាន បានរក្សាសណ្ដាប់ធ្នាប់ និងសន្តិសុខបានល្អប្រសើរ ជូនបងប្អូនប្រជាពលរដ្ឋយើងពុំមានបទល្មើសអ្វីកើតឡើងគួរឲ្យចាប់អារម្មណ៍នោះឡើយ ៕ សុខ គឹមសៀន