គ្រូធំសូហ្វតិនី្នស អះអាងថា ការហ្វឹកហាត់បិទខ្ទប់ នឹងធ្វើអោយអត្តពលិកមានការរីកចំរើន ជាពិសេសវិន័យ
លោក យី សារិន គ្រូធំអត្តពលិកជម្រើសជាតិកីឡាសូហ្វតិន្នី បានបញ្ជាក់ថា ការហ្វឹកហាត់បិទខ្ទប់ដោយមានការប្រុងប្រយ័ត្នខ្ពស់ពីសហព័ន្ធកីឡាសូហ្វតិន្នីស ពិតជាបានជម្រុញឲ្យអត្តពលិកជម្រើសជាតិមានការរីកចំរើនសមត្ថភាពខ្លាំង គួរអោយកត់សម្គាល់ តាមកាលវិភាគហ្វឹកហាត់ ដែលសហព័ន្ធដាក់ជូន ។
គ្រូធំជម្រើសជាតិខាងលើ គត់សម្គាល់ថា ចាប់តាំងពីសហព័ន្ធប្រមូលផ្តុំហ្វឹកហាត់បិទខ្ទប់តាមការណែនាំរបស់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នៃក្រសួងអប់រំយុវជន និងកីឡាមក អត្តពលិកជម្រើសជាតិមានការថែបំប៉នកម្លាំងបានល្អ និងតាមដានក្តាប់វត្តមានកីឡាករ កីឡាការិនីបានល្អ អំឡុងពេលហ្វឹកហាត់ តាមបច្ចេកទេសផ្ទាល់ដល់កីឡាករ កីឡាការិនី ។
កីឡាករ ឯក ចំរើន និងកីឡាការិនី ម៉េត ម៉ារីយ៉ា បានបញ្ជាក់ថា ការហ្វឹកហាត់បិទខ្ពប់នេះ ពិតជាល្អ ដោយសារទទួលបានការហ្វឹកហាត់ដោយផ្ទាល់ជាមួយគ្រូបង្វឹក និងមិត្តរួមក្រុម ។ ពួកគេ អះអាងទៀតថា បើសហព័ន្ធបន្តហ្វឹកហាត់បិទខ្ទប់បែបនេះ ការប្រកួតលើឆាកអន្តរជាតិ ពិសេសស៊ីហ្គេម ឆ្នាំ២០២៣ ពួកគេ មានសង្ឈឹមខ្ពស់ក្នុងការប្រជែងមេដាយជូនកម្ពុជា ។

សូមបញ្ជាក់ថា អត្តពលិកជម្រើសជាតិកីឡាសូហ្វតិន្នីសកម្ពុជា ដែលកំពុងហ្វឹកហាត់បិទខ្ទប់ មានចំនួន២៤នាក់ បុរស១២នាក់ និងស្រី១២នាក់ ហ្វឹកហាត់នៅទីលានក្នុងសណ្ឋាគារ សូហ្វីតែល និងហូបចុកស្នាក់ នៅក្នុងមជ្ឈមណ្ឌលកីឡានគរបាលជាតិ ស្ថិតនៅក្នុងនាយកដ្ឋានភស្ភុភា ក្រោយព្រះបរមរាជវាំង៕
