សម្តេចតេជោ លើកឡើងនូវទស្សនៈមួយចំនួន ដែលត្រូវយកចិត្តទុកដាក់ សំដៅស្តារឡើងវិញនូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច
ភ្នំពេញ៖ ថ្លែងសុន្ទរកថាក្នុងពិធីបើកវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អ៊ឺរ៉ុប លើកទី១ ក្រោមមូលបទ: “ការផ្លាស់ប្តូរទៅគន្លង ប្រក្រតីភាពថ្មី៖ ការលើកកម្ពស់ការចូលរួមក្នុងខ្សែច្រវាក់តម្លៃសកល ពហុភាគីនិយម និងបដិវត្តន៍ឧស្សាហកម្មទី ៤” នៅព្រឹកថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រ កម្ពុជា បានប្រកាសស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះធុរជននិងវិនិយោគិនទាំងអស់ នៃបណ្តាប្រទេសអាស៊ី-អ៊ឺរ៉ុប ដែលបានចូល រួមក្នុងវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អ៊ឺរ៉ុបលើកទី១នេះ ដែលកម្ពុជា មានកិត្តិយស និងមោទនភាពក្នុងការទទួលរៀបចំវេទិកានេះ ឡើងជាលើកដំបូង ដោយប្រព្រឹត្តទៅអមជាមួយនឹងកិច្ចប្រជុំកំពូលអាស៊ី-អ៊ឺរ៉ុប លើកទី១៣ ដែលកម្ពុជា បានទទួលធ្វើជាម្ចាស់ផ្ទះ។
សម្ដេចតេជោ ហ៊ុន សែន បានបន្តថា វេទិកានេះ មានភាពចាំបាច់សម្រាប់វិនិយោគិន ធ្វើការកំណត់ និងស្វែងរកឱកាសធុរកិច្ច និងពាណិជ្ជកម្មថ្មីៗ និងសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន ជាពិសេស ការ ផ្លាស់ប្ដូរយោបល់លើមូលបទដ៏មានសារៈសំខាន់ គឺ“ការផ្លាស់ប្ដូរទៅគន្លងប្រក្រតីភាពថ្មី៖ ការលើកកម្ពស់ការចូលរួមក្នុងខ្សែច្រវាក់ តម្លៃសកល ពហុភាគីនិយម និងបដិវត្តន៍ឧស្សាហកម្មទី៤” សំដៅលើកកម្ពស់សកម្មភាពធុរកិច្ច-វិនិយោគ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅក្នុងគន្លងប្រក្រតីភាពថ្មី។
សម្ដេចបានលើកឡើងថា យើងទាំងអស់គ្នាបានឃើញយ៉ាងច្បាស់ថា កិច្ចសហប្រតិបត្តិការអាស៊ី-អ៊ឺរ៉ុប បានចូលរួមយ៉ាងសំខាន់ ក្នុងការពង្រឹងទំនាក់ទំនងគ្នាទៅវិញទៅមកនៃប្រជាជន និងសេដ្ឋកិច្ច ដើម្បីការអភិវឌ្ឍរួម។ ជាមួយកិច្ចសហប្រតិបត្តិការនេះ នៅមានសក្ដានុពលជាច្រើនទៀត ដែលយើងត្រូវចាប់យក ដើម្បីលើកកម្ពស់កិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចអាស៊ី-អ៊ឺរ៉ុប។ ជាក់ស្ដែងទំហំសេដ្ឋកិច្ចអាស៊ី-អ៊ឺរ៉ុប មានចំណែកប្រមាណ៦៥ភាគរយ នៃសេដ្ឋកិច្ចសកល ខណៈដែលទំហំពាណិជ្ជកម្ម មាន ប្រមាណជា ៥៥ ភាគរយ នៃពាណិជ្ជកម្មសកល។ ជាទិសដៅទៅមុខ ខណៈដែលវិបត្តិជំងឺកូវីដ-១៩ ត្រូវបានរំពឹងថា នឹងស្រាក ស្រាន្ដនាពេលដ៏ឆាប់ខាងមុខ ការជំរុញប្រក្រតីភាពនៃរំហូរពាណិជ្ជកម្ម ធុរកិច្ច និងវិនិយោគ ឱ្យស្របទៅនឹងការផ្លាស់ប្តូរថ្មី ជាសកល គឺជាការងារសំខាន់ និងបន្ទាន់ ដើម្បីស្តារ និងជំរុញការអភិវឌ្ឍវិស័យសង្គម-សេដ្ឋកិច្ចអាស៊ី-អ៊ឺរ៉ុបឡើងវិញ។
សម្ដេចតេជោ នាយករដ្ឋមន្រីសេ បានបញ្ជាក់ថា ទោះជាយ៉ាងនេះក្ដី ពិភពលោកនៅតែប្រឈមនឹងបញ្ហាស្មុគស្មាញផ្សេងៗទៀត ដែល រួមមាន: (១). ការធ្លាក់ចុះនៃច្រវាក់តម្លៃសកលនិងច្រវាក់ផលិតកម្មសកល (២).ការលេចឡើងកាន់តែច្បាស់នូវប្រព័ន្ធពហុប៉ូល និងភាពតានតឹងភូមិសាស្ត្រនយោបាយ (៣). ការធ្លាក់ចុះផលិតភាពសកល (៤). ការកើនឡើងនៃវិសមភាពសង្គមនិងភាពក្រីក្រ (៥).ចរន្តកាន់តែខ្លាំងនិងលឿននៃការផ្លាស់ទីតាំងរោងចក្រផលិតកម្មដែលបង្កឡើងដោយសារឥទ្ធិពលនៃសង្គ្រាមពាណិជ្ជកម្មនិងបច្ចេកវិទ្យា និង (៦).ការកើនឡើងនៃផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុជាដើម ។
ក្នុងបរិការណ៍នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងនូវទស្សនៈមួយចំនួន ដែលយើងត្រូវយកចិត្តទុកដាក់សំដៅស្តារ ឡើងវិញនូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដូចជា៖
ទី១.ក្នុងក្របខណ្ឌពហុភាគីយើងសង្កេតឃើញថាប្រទេសមួយចំនួននៅមានទស្សនៈខ្វែងគ្នា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្មនិងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចតំបន់និងសកល។ក្នុងន័យនេះយើងមានភាពចាំបាច់ត្រូវពង្រឹងសាមគ្គីភាពនិងតម្កល់ ផលប្រយោជន៍ប្រជាពលរដ្ឋជាធំ ដោយប្រកាន់ខ្ជាប់នូវយន្តការពហុភាគីនិយម ក្នុងការដោះស្រាយបញ្ហាក្នុងគ្រប់វិស័យ និង ពន្លឿនការតភ្ជាប់រវាងសង្គម-សេដ្ឋកិច្ច ដើម្បីជំរុញរបៀបវារៈ នៃការអភិវឌ្ឍរបស់យើងប្រកបដោយចីរភាពនិងបរិយាបន្ន។
ទី២.ពាណិជ្ជកម្មអន្តរជាតិគឺជាក្បាលម៉ាស៊ីនមួយសំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាជន។ ជាមួយ នឹងនិន្នាការនៃផ្លាស់ប្តូរនៅក្នុងពាណិជ្ជកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់សកល សម្ដេចយល់ឃើញថា តំបន់យើងទាំងពីរ ត្រូវតែបង្កើនការ យកចិត្តទុកដាក់លើការគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី ជាពិសេស ការជំរុញការធ្វើសេរីភាវូបនីយកម្ម និងកិច្ចសម្រួលពាណិជ្ជកម្ម ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតតាមរយៈការលុបបំបាត់របាំងសម្រាប់ពាណិជ្ជកម្មនិងការវិនិយោគដើម្បីទាញយកសក្តានុពលជាអតិបរមាពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអាស៊ី-អ៊ឺរ៉ុប។
ទី៣.ក្នុងបរិការណ៍នៃបដិវត្តន៍ឧស្សាហកម្មទី៤ ការសម្របខ្លួនទៅនឹងគន្លងប្រក្រតីភាពថ្មី នឹងជំរុញកាន់តែខ្លាំងដល់ការចាប់យក បច្ចេកវិទ្យាឌីជីថល សម្រាប់ការរស់នៅការអភិវឌ្ឍឧស្សាហកម្ម និងការធ្វើឧស្សាហូបនីយកម្មសេដ្ឋកិច្ច។ អាស្រ័យហេតុនេះ យើង ត្រូវរួមគ្នាទាញយកប្រយោជន៍ពីបដិវត្តន៍ឧស្សាហកម្មទី៤ នេះ ឱ្យបានជាអតិបរមា ជាពិសេស សម្រាប់ប្រទេសដែលមានកម្រិត នៃការអភិវឌ្ឍសេដ្ឋកិច្ចតិចតួច ដោយត្រូវផ្តល់អាទិភាពដល់ការកសាងរដ្ឋាភិបាល និងសេដ្ឋកិច្ចឌីជីថល ដើម្បីបង្កើតជាចន្ទល់ កំណើនសេដ្ឋកិច្ចមួយថ្មីដែលរឹងមាំ។
ទី៤.ជាមួយគ្នាការជំរុញការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម ក៏ជាកិច្ចការអាទិភាពដ៏សំខាន់មួយផងដែរ។ ប្រការនេះ ទាមទារ នូវការលើកកម្ពស់កិច្ចសហការរវាងវិស័យសាធារណៈ និងឯកជនទាំងក្នុងក្របខណ្ឌទ្វេភាគីនិងពហុភាគី ដើម្បីទាក់ទាញការ វិនិយោគអភិវឌ្ឍធនធាន-មនុស្ស និងជំរុញឱ្យមានការផ្ទេរចំណេះដឹងនិងបច្ចេកវិទ្យាស្របតាមគន្លងប្រក្រតីថ្មី ដោយផ្តោតជា សំខាន់លើការជំរុញដល់ការចាប់យកសក្តានុពលពីបដិវត្តន៍ឧស្សាហកម្មទី៤ ការលើកកម្ពស់បរិវត្តកម្មឌីជីថល និងការអភិវឌ្ឍ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកជាដើម តាមរយៈការលើកកម្ពស់ការទទួលបានការគាំទ្រទាំងផ្នែកគោលនយោបាយ និង ហិរញ្ញប្បទាន។
ទី៥.ការជំរុញការអភិវឌ្ឍបៃតងក៏ជាមូលដ្ឋានគ្រឹះនៃការទ្រទ្រង់កិច្ចអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច សម្រាប់រយៈពេលវែង ដែលនឹងជួយ លើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ច ព្រមទាំងពង្រឹងភាពធន់ ទៅនឹងអាកាសធាតុ។ ក្នុងន័យនេះ យើងត្រូវពង្រឹងនិងពង្រីកកិច្ច សហប្រតិបត្តិការទាំងក្នុងក្របខណ្ឌតំបន់ និងសកល ដើម្បីជំរុញការអភិវឌ្ឍបៃតងនេះ ជាពិសេស ការជំរុញវិស័យឯកជន ឱ្យបង្កើនការវិនិយោគបៃតង ពង្រឹងប្រសិទ្ធភាពនៃការវិនិយោគក្នុងគ្រប់វិស័យពាក់ព័ន្ធ និងលើកទឹកចិត្តក្នុងការអភិវឌ្ឍ ឧស្សាហកម្មបៃតង និងការប្រើប្រាស់បច្ចេកវិទ្យាបៃតង ៕ ដោយ វណ្ណលុក


