សម្តេចតេជោ៖ រាជរដ្ឋាភិបាលកម្ពុជា បានពង្រីកទីផ្សារនាំចេញកាន់តែទូលំទូលាយ តាមរយៈ ការបង្កើតនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដើម្បីទាក់ទាញការវិនិយោគបរទេសបន្ថែមទៀត

ភ្នំពេញ៖ នាឱកាសចូលរួមក្នុងពិធីបើកវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អ៊ឺរ៉ុប លើកទី១ ក្រោមមូលបទ: “ការផ្លាស់ប្តូរទៅគន្លង ប្រក្រតីភាពថ្មី៖ ការលើកកម្ពស់ការចូលរួមក្នុងខ្សែច្រវាក់តម្លៃសកលពហុភាគីនិយម និងបដិវត្តន៍ឧស្សាហកម្មទី ៤” នៅព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជា ណាចក្រកម្ពុជា ក៏បានថ្លែងសុន្ទរកថាផងដែរ ដោយបានជម្រាបជូនអង្គប្រជុំដោយសង្ខេបអំពីស្ថានភាពនៃជំងឺកូវីដ-១៩ នៅ កម្ពុជា។ ជាមួយនឹងការគ្រប់គ្រងបានល្អនូវស្ថានភាពជំងឺកូវីដ-១៩ គិតត្រឹមថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ រាជរដ្ឋាភិបាល សម្រេចការចាក់វ៉ាក់សាំងបាន ក្នុងអត្រាជាង ៨៨% នៃចំនួនប្រជាជនក្នុងប្រទេសសរុប ១៦ លាននាក់ ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំរៀបចំ និងដាក់ឱ្យអនុវត្តវិធានការគោល នយោបាយច្បាស់លាស់ ដើម្បីទាក់ទាញការវិនិយោគបរទេសបន្ថែមទៀត តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការ កែលម្អប្រព័ន្ធដឹកជញ្ជូនទាំងផ្នែកទន់និងរឹង ការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម ការអភិវឌ្ឍធនធានមនុស្ស ការរៀបចំប្រព័ន្ធ-បច្ចេកវិទ្យាព័ត៌មាន និងឌីជីថល និងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ។

សម្ដេចបានបញ្ជាក់បន្ថែមថា ជាក់ស្ដែង រាជរដ្ឋាភិបាល បានពង្រីកទីផ្សារនាំចេញកាន់តែទូលំទូលាយ តាមរយៈការបង្កើតនូវ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ក្នុងនោះរួមមាន (១).កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) (២).កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និង(៣).កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដែលនឹងចូលជា ធរមាននាពេលឆាប់ៗខាងមុខ ។ ជារួម ការវិវត្តជាវិជ្ជមានទាំងនេះ បាននិងកំពុងប្រែក្លាយកម្ពុជា ឱ្យទៅជាទីតាំងផលិតកម្ម ធុរកិច្ច និងវិនិយោគមួយកាន់តែសំខាន់ និងមានសក្ដានុពលនៅក្នុងតំបន់ ហើយមានទីផ្សារនាំចេញកាន់តែធំប្រកបដោយភាព ប្រកួតប្រជែង សម្រាប់វិនិយោគិនពីគ្រប់មជ្ឈដ្ឋាន ជាពិសេស ពីតំបន់អ៊ឺរ៉ុប ៕ ដោយ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner