សម្ដេចតេជោ លើកទឹកចិត្តឲ្យទូតវៀតណាមថ្មី យកចិត្តទុកដាក់ជំរុញពាណិជ្ជកម្មរ វាងប្រទេសទាំងពីរ ឲ្យកាន់តែមានការរីកធំធាត់ថែមទៀត

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន លើកទឹកចិត្តឲ្យទូតថ្មីវៀតណាម យកចិត្តទុកដាក់ជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឲ្យកាន់តែមានការរីកធំធាត់ថែមទៀត។ ការលើកទឹកចិត្តនេះ ត្រូវបានឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានប្រាប់អ្នកសារព័ត៌មាននៅក្រោយពេលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ង្វៀន ហ៊ុយតាំង (Nguyen Huy Tang ) អគ្គរដ្ឋទូតវៀតណាមថ្មីប្រចាំនៅកម្ពុជា ចូលជួបពិភាក្សាការងារនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ។

ក្នុងជំនួបនោះ ឯកឧត្តម ង្វៀន ហ៊ុយតាំង (Nguyen Huy Tang ) បានគោរពជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រីថា ឯកឧត្តមពិតជាមានក្តីរីករាយជាទីបំផុតដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំវៀតណាមជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រីហើយក៏បានថ្លែងអំណរគុណចំពោះកម្ពុជាដែលបានជួយដល់វៀតណាមនាពេលកន្លងមក ក៏ដូចជាថ្មីៗនេះបានជួយវៀតណាមក្នុងការផ្ដល់បរិក្ខាពេទ្យ ក៏ដូចជាវ៉ាក់សាំងប្រឆាំងកូវីដ១៩ ដល់ប្រទេសវៀតណាម។

ឯកឧត្តម ង្វៀន ហ៊ុយតាំង (Nguyen Huy Tang ) ក៏បានវាយតម្លៃខ្ពស់ និងអបអរសាទរចំពោះការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ជាមួយគ្នានោះផងដែរឯកឧត្តមក៏សូមសម្ដែង នូវការកោតសរសើរចំពោះនយោបាយចាក់ស្រោចវ៉ាក់សាំងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ របស់កម្ពុជាដែលទទួលបានជោគជ័យយ៉ាងធំធេង។ ក្នុងឱកាសនោះផងដែរឯកឧត្តមឯកអគ្គរដ្ឋទូតវៀតណាមថ្មីប្រចាំនៅកម្ពុជា បានសន្យាចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រីថា ក្នុងបេសកកម្មកាទូតនៅកម្ពុជា ឯកឧត្តមនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីពូនជ្រុំទំនាក់ទំនងជាមួយកម្ពុជាឲ្យបានកាន់តែធំធាត់ ជាពិសេសតាមរយៈវិស័យនយោបាយ ការទូត សន្តិសុខការពារជាតិ វិស័យពាណិជ្ជកម្ម វិស័យសេដ្ឋកិច្ច វិស័យកសិកម្ម និងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក៏ដូចជាវិស័យដទៃទៀតផងដែរ។

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះ ឯកឧត្តមង្វៀន ហ៊ុយតាំង (Nguyen Huy Tang ) ដែលបានពាំនាំពាក្យផ្ញើផ្ដាំសួរសុខទុក្ខ ពីថ្នាក់ដឹកនាំវៀតណាម បានសំដែងនូវការស្វាគមន៍ និងអបអរសាទរចំពោះ ឯកឧត្តម ង្វៀន ហ៊ុយតាំង (Nguyen Huy Tang ) ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៅកម្ពុជានាពេលនេះ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ពាណិជ្ជកម្មកម្ពុជានិងវៀតណាម គឺបំពេញឲ្យគ្នាទៅវិញទៅមក ជាអាទិ៍នៅក្នុងអំឡុងពេលនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ទំហំសេដ្ឋកិច្ចរវាងប្រទេសទាំងពីរបានកើនឡើងគួរឲ្យកត់សម្គាល់។

ក្នុងន័យនេះ សម្ដេចតេជោបានលើកទឹកចិត្តឲ្យឯកអគ្គរដ្ឋទូតវៀតណាមថ្មី ផ្ដោតការយកចិត្តទុកដាក់ជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែមានការរីកធំធាត់ថែមទៀត។ លើសពីនេះទៅទៀតសម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឲ្យមានការរៀបចំកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យកសិកម្ម ដូចជាការធ្វើកសិកម្មតាមព្រំដែន ការផ្គត់ផ្គង់វត្ថុធាតុដើម ការអភិវឌ្ឍពូជ និងផ្គត់ផ្គង់ពូជ ការប្រើប្រាស់ទឹកតាមព្រំដែន និងការប្រយុទ្ធប្រឆាំងសត្វល្អិតចង្រៃជាដើម។ល។

ជាចុងបញ្ចប់ សម្ដេចតេជោនាយករដ្ឋមន្ត្រី សម្ដេចក៏បានស្នើឲ្យ ឯកឧត្តមឯកអគ្គរដ្ឋទូតវៀតណាមថ្មីប្រចាំនៅកម្ពុជា ជំរុញឱ្យមានការហោះហើរត្រង់រវាងកម្ពុជានិងវៀតណាមឡើងវិញ និងបានជូនពរឲ្យឯកឧត្តម ង្វៀន ហ៊ុយតាំង (Nguyen Huy Tang ) ឲ្យទទួលបាននូវភាពជោគជ័យក្នុងបេសកកម្មកាទូតនៅក្នុងប្រទេសកម្ពុជា៕ ដោយ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner