ប្រធានមន្ទីរខេត្តកំពត៖ ការផលិតអំបិលសម្រាប់ផ្គត់ផ្គង់ក្នុងស្រុករហូតដល់ឆ្នាំនេះគឺគ្រប់គ្រាន់ ប៉ុន្តែព្រួយបារម្ភពីទិន្នផលឆ្នាំក្រោយ
ភ្នំពេញ៖ ការផលិតអំបិលសម្រាប់ផ្គត់ផ្គង់ក្នុងស្រុកសម្រាប់ឆ្នាំ២០២១នេះ គឺគ្រប់គ្រាន់រហូតដល់ចុងឆ្នាំ ប៉ុន្តែព្រួយបារម្ភថា ប្រសិនបើភ្លៀងនៅតែបន្តធ្លាក់មិនអំណោយផលដល់ការផលិតអំបិលនៅឆ្នាំក្រោយនេះ កម្ពុជាអាចនឹងនាំចូលអំបិលពីក្រៅប្រទេស។ នេះបើតាមលោក សុខ គឹមជឿន ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពត។
លោកបន្តថា បច្ចុប្បន្ននេះ អំបិលស្តុកនៅក្នុងឃ្លាំងមានបរិមាណ១ម៉ឺនតោន ដែលអាចផ្គត់ផ្គង់បានមួយខែទៀត និងថា បើទោះបីជាបរិមាណអំបិលនៅក្នុងឃ្លាំងមានចំនួនតិចតួចក៏ពិតមែន ប៉ុន្តែអំបិលនឹងមិនមានការខ្វះខាត សម្រាប់ផ្គត់ផ្គង់តម្រូវការនៅក្នុងស្រុក ពីរយៈពេលនេះទៅដល់ដើមឆ្នាំ២០២២នោះទេ ព្រោះតែអំបិលនៅលើទីផ្សារមានច្រើន ដោយសារតែកាលពីខែតុលាឈ្មួញមួយចំនួនបានទិញស្តុកទុក។ លោកបន្ថែមថា ចំពោះតម្លៃអំបិលនៅចុងឆ្នាំនេះក៏ខ្ពស់ជាងកាលពីដើមឆ្នាំ ដោយក្នុងមួយប៉ាវមានតម្លៃពី១ម៉ឺន៣ពាន់រៀលទៅ១ម៉ឺន៤ពាន់រៀល ចំពោះអំបិលប្រភេទលេខ២ និងលេខ១ មានតម្លៃខ្ពស់ជាងនេះ។
រដូវនៃការផលិតអំបិលនៅខេត្តកំពត និងកែបសម្រាប់ឆ្នាំ ២០២២ បានចូលមកដល់ហើយ គឺចាប់ពីផ្តើមពីខែវិច្ឆិកា ឆ្នាំ២០២១នេះ ដល់ខែឧសភា ឆ្នាំ២០២២។ ប៉ុន្តែរហូតពេលនេះ ការផលិតអំបិលមិនទាន់បានចាប់ផ្តើមដំណើរការនៅឡើយទេ ដោយសារតែភ្លៀងធ្លាក់ស្ទើររាល់ថ្ងៃ។ លោក គឹមជឿន បញ្ជាក់ទៀតថា ប្រសិនបើអាកាសធាតុមិនអំណោយផល ច្បាស់ណាស់នឹងប៉ះពាល់ដល់ការផលិតអំបិលនៅឆ្នាំក្រោយ អាចនឹងមានការនាំចូលអំបិលពីប្រទេសចិន និងឥណ្ឌាមកបំពេញតម្រូវការក្នុងស្រុក។
លោកបានប្រមើលមើលក្នុងឆ្នាំ២០២២ថា ប្រសិនបើជានៅដើមឆ្នាំ មានការភ្លៀងច្រើននោះ ចង់ឬមិនចង់ គាត់ត្រូវនាំចូលមកដើម្បីរកប្រាក់ចំណេញហើយ។ ដោយឡែកការផលិតអំបិលសម្រាប់នាំចេញដោយសហគ្រាសក្នុងស្រុកវិញ ហាក់មិនមានបញ្ហានោះទេ ប៉ុន្តែការនាំចេញបានបរិមាណតិចតួចប៉ុណ្ណោះ ដោយ សារតែតម្លៃដឹកជញ្ជូន។ យោងតាមរបាយការណ៍ផលិតអំបិលរបស់មន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពត បានឱ្យដឹងថា នៅឆ្នាំ២០២១ ផ្ទៃដីផលិតអំបិលមានទំហំ ២ពាន់៨៥៧.២៣ហិកតា មានក្រុមផលិតចំនួន១៣៩ក្រុម ដោយផលិតបាន ៦ម៉ឺន៨ពាន់៦៨២តោន៕