ព័ត៌មាន គឺជាសារជាតិដ៏ពិសេសមួយ ក្នុងការចូលរួមថែរក្សាសន្តិភាព និងស្ថេរភាពនយោបាយរបស់សង្គមជាតិ
ខេត្តស្ទឹងត្រែង ៖ ក្នុងឱកាសអញ្ជើញជាអធិបតី បើកសិក្ខាសាលា ស្តីពី «ការិយាល័យព័ត៌មានឈ្លាសវៃ និងអភិបាលកិច្ចល្អ ក្នុងវិស័យព័ត៌មាន» រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ផៃ ស៊ីផាន មានប្រសាសន៍ថា ព័ត៌មាន គឺជាសារជាតិដ៏ពិសេសមួយ ក្នុងការចូលរួមថែរក្សាសន្តិភាព និងស្ថេរភាពនយោបាយរបស់សង្គមជាតិ ។
សិក្ខាសិលានេះ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៤វិច្ឆិកា ដល់ថ្ងៃទី២៥វិច្ឆិកាឆ្នាំ២០២១ នៅសាលាខេត្តស្ទឹងត្រែង ដែលមានសិក្ខាកាមចូលរួម ១៨០នាក់ មកពីខេត្ត ៤ នៃភាគឥសាន្តកម្ពុជា គឺខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី ។
ឯកឧត្តម ផៃ ស៊ីផាន បានមានប្រសាសន៍ថា ព័ត៌មានគឺជាសារជាតិពិសេសមួយ ក្នុងកិច្ចចូលរួមថែរក្សាសន្តិភាព និងស្ថេរភាពនយោបាយរបស់សង្គមជាតិ ហើយព័ត៌មានត្រូវស្ថិតក្នុងវិន័យ និងចរាចរណ៍ចេញពីប្រភពផ្លូវការ ទៅដល់សាធារណ:ជន ដើម្បីការយល់ដឹង និងការចូលរួម ក្នុងកិច្ចកសាងនីតិរដ្ឋ និងការទទួលខុសត្រូវ ស្របតាមនយោបាយអភិបាលកិច្ចល្អ នៃយុទ្ធសាស្ត្រចតុកោណតំណាក់កាលទី៤ នៃរាជរដ្ឋាភិបាល។
ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ផៃ ស៊ីផាន បានបន្តថា សិក្ខាសាលានាថ្ងៃនេះ មានគោលបំណងស្នូល ក្នុងការចែករំលែកនូវទស្សនទាន យន្តការ និងយុទ្ធសាស្ត្រជាមូលដ្ឋានគ្រឹះ នៃវិស័យព័ត៌មានរបស់រដ្ឋ ក្នុងទិសដៅកសាងឱ្យបាននៅអភិបាលកិច្ចល្អ លើវិស័យព័ត៌មានថ្នាក់ក្រោមជាតិ ជំរុញប្រសិទ្ធភាពនៃការផ្សព្វផ្សាយ បំផុសព័ត៌មានចូលឱ្យកៀកប្រជាពរដ្ឋ ដើម្បីផលប្រយោជន៍ផ្ទាល់តាមមូលដ្ឋាន និងការចូលរួមអនុវត្តជាក់ស្តែងផងដែរ ។ អភិបាលខេត្តស្ទឹងត្រែង ឯកឧត្តមស្វាយ សំអ៊ាង បានថ្លែងថា វិស័យព័ត៌មាន គឺជាកម្មវត្ថុដ៏មានសារ:សំខាន់ដែលមិនអាចខ្វះបាន ស្ថិតក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មជំនាន់៤.០ និងយុគសម័យបច្ចេកវិទ្យាឌីជីថល ដ៏សម្បូរបែបនាពេលបច្ចុប្បន្ននេះ។
ឯកឧត្តម បន្តទៀតថា រដ្ឋបាលខេត្ត នឹងពង្រឹងការគ្រប់គ្រងព័ត៌មាន ដែលបានផ្សព្វផ្សាយចេញ ដើម្បីឈានទៅកាត់បន្ថយឱ្យបានដល់កម្រិតអប្បបរមា ចំពោះព័ត៌មានប្រឌិត និងបន្តពង្រឹងសមត្ថភាពមន្ត្រីទទួលបន្ទុកព័ត៌មាន តាមរយ:ការផ្តល់ឱកាសក្នុងការសិក្សា ដើម្បីពង្រីកចំណេះដឹង និងបន្ថែមឱ្យបានច្រើន លើកទឹកចិត្ត គាំទ្រនូវឧបករណ៍សម្ភារ:បច្ចេកទេស និងមធ្យោបាយសមស្រប ដើម្បីធានានិរន្តរភាព ប្រតិបត្តិការការងារប្រចាំថ្ងៃ។ លើសពីនេះទៀត រដ្ឋបាលខេត្ត នឹងខិតខំរៀបចំពង្រឹងសន្តិសុខព័ត៌មាន ដែលរដ្ឋបាលថ្នាក់នីមួយៗ និងមន្ទីរ អង្គភាពជំនាញ បានរៀបចំ និងផ្សព្វផ្សាយឱ្យចំគោលដៅ ដើម្បីទទួលបានការគាំទ្រពីមហាជនទូទៅ ៕ដោយ ៖ ឡុង សំបូរ