EU អំពាវនាវរកការសម្របសម្រួលបញ្ហាព្រំដែនបេឡារុស ក្រោយបដិសេធសំណើរទទួលយកជនអន្តោប្រវេសន៍

ប្រធាន​គណៈកម្មការ​សហភាព​អឺរ៉ុប​អ្នក​ស្រី​ Ursula von der Leyen ​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ការ​ជាប់​គាំង​របស់​មនុស្ស​រាប់​ពាន់​​​នៅ​តាម​ព្រំដែន​ភាគ​ខាង​កើត​របស់​សហភាព​​ ជា​ការ​ប៉ុនប៉ង​របស់​បេឡារុស​ដើម្បី​ធ្វើ​ឱ្យ​ប្លុក​មាន​អស្ថិរភាព​ ​ជាជាង​វិបត្តិ​ជនអន្តោប្រវេសន៍​ ហើយ​​អំពាវ​នាវ​ឱ្យ​មាន​ការ​​សម្រប​សម្រួល​។​

​អ្នក​ស្រី von der Leyen ​ប្រាប់​សភា​អ៊ឺរ៉ុប​ថា​ ប្លុកនេះ​ដោយរួម​មាន​​២៧ ​ប្រទេស​កំពុង​ឈរ​នៅ​ក្នុង​សាមគ្គីភាព​ជាមួយ​ប៉ូឡូញ​ លីទុយអានី​ និង​ឡេតូនី​ ដែល​កំពុង​ទទួល​រង​នូវ​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដោយ​សារ​ផែន​ការ​របស់​ប្រធានាធិបតី​បេឡេរុស​លោក​ Alexander Lukashenko ​​ដែល​ផ្ដល់​ជើង​ហោះហើរ​ឱ្យ​ជន​អន្តោប្រវេសន៍​ដើម្បី​ឆ្លង​ដែន​ដោយ​ខុស​ច្បាប់​ចូល​ទៅ​សហភាព​។​

​អ្នក​ស្រី​ von der Leyen ​លើកឡើង​​ថា​៖​ «​នេះ​មិន​មែន​ជា​វិបត្តិ​អន្តោប្រវេសន៍​ទេ​។​ នេះ​​ជា​​ការ​​ប៉ុនប៉ង​​របស់​​របប​​ផ្តាច់ការ​​ដើម្បី​​ព្យាយាម​​ធ្វើ​​ឲ្យ​​ប្រទេស​​​ប្រជាធិបតេយ្យ​​ជិត​ខាង​មាន​​អស្ថិរភាព​»​។​ អ្នក​ស្រី​បន្ត​ថា​ សហភាព​អឺរ៉ុប​​កំពុង​សម្រប​សម្រួល​ការ​ឆ្លើយ​តប​របស់​ខ្លួន​ចំពោះ​បញ្ហា​ប្រឈម​របស់​លោក​ Lukashenko ជា​មួយ​ដៃគូ​ដែល​មិន​មែន​ជា​សហភាព​អឺរ៉ុប​ដូច​ជា​សហរដ្ឋ​អាមេរិក​ កាណាដា ​និង​អង់គ្លេស​។​

អ្នក​ស្រី​​និយាយ​ថា ​ដើម្បី​រារាំង​ការ​ដឹក​ជញ្ជូន​ជនអ​ន្តោប្រវេសន៍​ទៅ​កាន់​​រដ្ឋធានី​មីនស្ក៍​របស់​បេឡារុស​ សហភាព​អឺរ៉ុប​នឹង​បង្កើត​បញ្ជី​ខ្មៅ​នៃ​ក្រុម​ហ៊ុន​ទេសចរណ៍​ដែល​ពាក់ព័ន្ធ​នឹង​ការ​ផ្ដល់​ប្រតិបត្តិការ​ហោះហើរ​ដល់​ជន​អន្តោប្រវេសន៍​។​

​យោង​តាម​ស្នងការ​សហភាព​អឺរ៉ុប​លោក​ Margaritis Schinas ​​វិធានការ​នេះ​នឹង​ផ្តល់​ឱ្យ​សហភាព​អឺរ៉ុប​នូវ​ឧបករណ៍​ផ្លូវ​ច្បាប់​មួយ​ដើម្បី​ផ្អាក​ឬ​កំណត់​ប្រតិបត្តិការ​របស់​ក្រុម​ហ៊ុន​ ឬ​សូម្បី​តែ​ហាម​ឃាត់​ពួក​គេ​ពី​សហភាព​អឺរ៉ុប​ប្រសិន​បើ​ពាក់​ព័ន្ធ​នឹង​ប្រតិបត្តិការ​ដឹង​ជញ្ជូន​ជន​អន្តោ​ប្រវេសន៍​។​

​លោក​ Stanislaw Zaryn ​អ្នក​​​នាំ​ពាក្យ​​សម្រាប់​​សេវា​​ពិសេស​​របស់​​ប៉ូឡូញ​និយាយ​ថា​៖​ «​​អាជ្ញាធរ​ប៉ូឡូញ​ប៉ាន់ស្មាន​ថា​ ជន​អន្តោប្រវេសន៍​ប្រហែល​ ១០ ០០០ ​នាក់​ ឬ​ច្រើន​ជាង​នេះ​ ​ស្ថិត​ក្នុង​ប្រទេស​បេឡារុស​នៅឡើ​យ ​ដែល​អាច​បង្កើត​​សក្តានុពលស​ម្រាប់​បញ្ហា​បន្ថែម​ទៀត​»​។​

លោក​ប្រធានាធិបតី​ Lukashenko ​ដែល​បដិសេធ​រាល់​ការ​ចោទ​ប្រកាន់​ដែល​ថា​លោក​​បង្កើត​វិបត្តិ​តាម​ព្រំដែន​ ​ដាក់​សម្ពាធ​ដល់​សហភាព​អឺរ៉ុប​ និង​ប្រទេស​អាល្លឺម៉ង់​ឱ្យ​ទទួល​យក​ជន​អន្តោប្រវេសន៍​មួយ​ចំនួន​ ខណៈ​ដែល​បេឡារុស​ធ្វើ​មាតុភូមិ​និវត្តន៍​មនុស្ស​ជាង​ ៤០០ ​នាក់​ ដូច​ជា​មក​ពី​អ៊ីរ៉ាក់​ជាដើម​។​ ប៉ុន្តែ​សំណើរ​នេះ​ត្រូវ​បាន​ប្លុក​ ក៏​ដូច​ជា​ក្រុង​ប៊ែកឡាំង​បដិសេធ​។​

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner