បៃដិន អញ្ជើញមេដឹកនាំមកពី ១១០ ប្រទេសសម្រាប់កិច្ចប្រជុំកំពូលនៃលទ្ធិប្រជាធិបតេយ្យ

លោក ចូ បៃដិន ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​នឹង​អញ្ជើញ​មេដឹកនាំ​មក​ពី​ប្រទេស​ចំនួន ១១០មក​ពី​ជុំ​វិញ​ពិភពលោក សម្រាប់​កិច្ច​ប្រជុំ​កំពូល​នៃ​លទ្ធិ​ប្រជាធិបតេយ្យ។

បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ក្រសួង​ការបរទេស​អាមេរិក កិច្ចប្រជុំ​នេះ​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី៩ និង​ថ្ងៃ​ទី១០ ខែ​ធ្នូ ហើយ​កិច្ចប្រជុំ​នេះ​ដែរ​នឹង​ប្រមូល​ផ្ដុំ​ដោយ​មេដឹកនាំ​មក​ពី​ប្រទេស​នានា ក៏​ដូច​ជា សង្គមស៊ីវិល និង​អ្នក​ជំនួញ​វិស័យ​ឯកជន​ផង​ដែរ។

កិច្ចប្រជុំ​នេះ​នឹង​ផ្ដោត​លើ​បញ្ហា​ប្រឈម​ និង​កាលានុវត្តនភាព ដែល​ប្រទេសកាន់​​លទ្ធិ​​ប្រជាធិបតេយ្យ​កំពុង​តែ​ជួប​ប្រទះ ហើយ​ផ្ដល់​ជា​វេទិកា​មួយ​សម្រាប់​ថ្នាក់ដឹកនាំ​ប្រកាស​ពី​ការ​ប្ដេជ្ញា​ចិត្ត​នានា ក្នុង​ការ​ការពារ​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ និង​ក្រៅ​ប្រទេស​។

ប្រទេស​ចំនួន ១១០ នឹង​អញ្ជើញ​ឱ្យ​មក​ចូល​រួម​ក្នុង​កិច្ចប្រជុំ​នេះ ហើយ​ក្នុង​ចំណោម​ប្រទេស​ទាំង​នោះ​ក៏​មាន តៃវ៉ាន់ អ៊ីរ៉ាក់ ឥណ្ឌា និង​ប៉ាគីស្ថាន​ផង​ដែរ។ ចិន មិន​ត្រូវ​បាន​អញ្ជើញ​ឱ្យ​មក​ចូល​រួម​ទេ។

ក្នុង​នោះ​ដែរ​ចំណោម​ប្រទេស​អាស៊ាន​ចំនួន ១០ មាន​តែប្រទេស​​ចំនួន​៣​នោះ​ទេ ដែល​អាមេរិក​បាន​អញ្ជើញ​។ ៣ប្រទេស​នោះ​មាន​ដូច​ជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង​ហ្វីលីពីន។

កន្លង​មក ប្រទេស​ចិន​បាន​ហៅ​ការ​រៀប​ចំ​កិច្ចប្រជុំ​នេះ ជា​ការ​បែងចែក​ និង​ប្រកួត​ប្រជែង​មនោគមវិជ្ជា​នៅ​លើ​ពិភពលោក៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner