ឯកឧត្តម ផៃ ស៊ីផាន ៖ ព័ត៌មានជាសារជាតិពិសេស សំរាប់ចូលរួម​ថែរក្សាសន្តិភាព និងស្ថេរភាពនយោបាយសង្គម

 ឯកឧត្តម ផៃ  ស៊ីផាន  រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី  និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានមានប្រសាសន៍ដូចនេះ ក្នុងកម្មវិធីសិក្ខាសាលា នៅសាលរដ្ឋបាលខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី២៤  ខែវិច្ឆិកា ឆ្នាំ២០២១  ។

ឯកឧត្តម ផៃ ស៊ីផាន បានមានប្រសាសន៍ទៀតថា៖ ព័ត៌មានត្រូវស្ថិតក្នុងវិន័យ និងចរាចរណ៍ចេញពីប្រភពផ្លូវការ  ទៅដល់សាធារណ:ជន ដើម្បីបញ្ជ្រៀបការយល់ដឹង  និងការចូលរួមក្នុងកិច្ចកសាងនីតិរដ្ឋ  និងការទទួលខុសត្រូវ  ស្របតាមនយោបាយអភិបាលកិច្ចល្អ  នៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នៃរាជ  រដ្ឋាភិបាល ។  ឯកឧត្តមបន្តថា  នេះជាកញ្ចក់ឆ្លុះបញ្ចាំងនូវការអនុវត្តនយោបាយកែទម្រង់មុតស្រួច​ក្នុងវិស័យព័ត៌មាននៅថ្នាក់មូលដ្ឋានតាមស្មារតីនៃគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការដែលជាការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំមូលដ្ឋានផ្ទាល់ ក្នុងការផ្សព្វផ្សាយបំផុសស្មារតីនយោបាយ និងប្រសិទ្ធភាពក្នុងការដឹកនាំមូលដ្ឋាន ដោយការបង្ហាញចេញនូវដំណោះស្រាយនៃបញ្ហាប្រឈមនានា នៅតាមមូលដ្ឋានដោយផ្ទាល់ តាមរយ:ការធ្វើវេទិការសាធារណ: និងដោយប្រយោល តាមរយ:ប្រព័ន្ធផ្សព្វផ្សាយ  ដែលមានមន្ទីរជំនាញចូលរួមសហការយ៉ាងជិតស្និទ ក្នុងកិច្ចការក្តោបក្តាប់ និងគ្រប់គ្រងមតិសាធារណ: ឆ្ពោះទៅរកប្រសិទ្ធភាព ឯកភាព និងសាមគ្គីភាពរវាងរាស្ត្រ និងរដ្ឋ ដោយចាប់ផ្តើមពីថ្នាក់មូលដ្ឋាន មកកាន់ថ្នាក់ជាតិ ។

សូមបញ្ជាក់ថាសិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី២៤និង២៥វិច្ឆិកានិងមានគោលបំណងស្នូលក្នុងការចែករំលែកនូវទស្សនៈទាន យន្តការ និងយុទ្ធសាស្ត្រជាមូលដ្ឋានគ្រឹះ នៃវិស័យព័ត៌មានរបស់រដ្ឋក្នុងទិសដៅកសាងឲ្យបាននូវអភិបាលកិច្ចល្អលើវិស័យព័ត៌មានថ្នាក់ក្រោមជាតិដើម្បីជំរុញប្រសិទ្ធភាពនៃការផ្សព្វផ្សាយ បំផុសព័ត៌មានចូលឲ្យកៀកប្រជាពរដ្ឋ ដើម្បីផលប្រយោជន៍ផ្ទាល់តាមមូលដ្ឋាន ។ សិក្ខាសាលានេះ មានសិក្ខាកាមអញ្ជើញចូលរួមមកពីខេត្តចំនួន៤៖ មានខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី ។

ឯកឧត្តមស្វាយ សំអ៊ាង អភិបាលខេត្ត  ខេត្តស្ទឹងត្រែង ក៏បានថ្លែងថា  វិស័យព័ត៌មានគឺជាកម្មវត្ថុដ៏មានសារ:សំខាន់ដែលមិនអាចខ្វះបាន ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មជំនាន់៤.០  និងយុគសម័យបច្ចេកវិទ្យាឌីជីថល  ដ៏សម្បូរបែបនាពេលបច្ចុប្បន្ននេះ ។ ឯកឧត្តមបន្តថានឹងពង្រឹងការគ្រប់គ្រងព័ត៌មាន  ដែលបានផ្សព្វផ្សាយចេញ  ដើម្បីឈានទៅកាត់បន្ថយឲ្យបានដល់កម្រិតអប្បបរមាចំពោះព័ត៌មានប្រឌិត  ។ នឹងពង្រឹងសមត្ថភាពមន្ត្រីទទួលបន្ទុកព័ត៌មាន  តាមរយ:ការផ្តល់ឱកាសក្នុងការសិក្សាពង្រីកចំណេះដឹង លើកទឹកចិត្តគាំទ្រនូវឧបករណ៍សម្ភារៈបច្ចេកទេស  និងមធ្យោបាយសមស្រប ដើម្បីធានានិរន្តរភាពប្រតិបត្តិការការងារប្រចាំថ្ងៃ ។ ជាងនេះទៅទៀតឯកឧត្តម  នឹងខិតខំរៀបចំពង្រឹងសន្តិសុខព័ត៌មាន ដែលរដ្ឋបាលថ្នាក់នីមួយៗ  ក៏ដូចជាមន្ទីរអង្គភាពជំនាញបានរៀបចំ  និងផ្សព្វផ្សាយឲ្យចំគោលដៅ  ដើម្បីទទួលបានការគាំទ្រពីសំណាក់មហាជន  ៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner