ឃុំខ្លួនមន្ត្រីយោធា៧នាក់ពាក់ព័ន្ធករណីជួញដូរអាវុធ (Video Inside)
មន្រ្តីយោធាចំនួន៣នាក់ទៀត ត្រូវបានតុលាការសម្រេចឃុំខ្លួន ដែលនាំការសម្រេចឃុំខ្លួននេះបានឡើងដល់ ៧នាក់ហើយពាក់ព័ន្ធនឹងបទល្មើសជួញដូរអាវុធខុសច្បាប់។
គួរបញ្ជាក់ថាអាវុធ ចំនួន៣៣ដើម ដែលក្នុងនោះរួម មានកាំភ្លើងអាកា៣០ដើមនិងកាំភ្លើងអឹម៧៩ចំនួន៣ដើម ត្រូវគេរកឃើញលាក់ទុកក្នុងចំការមៀនមួយកន្លែងនៅ ក្នុងស្រុកភ្នំព្រឹក កាលពីថ្ងៃទី១២វិច្ឆិកា។ សមត្ថកិច្ចសង្ស័យថាកាំភ្លើងជាមួយនឹងគ្រាប់ក្នុងបងជាច្រើនរកឃើញជា មួយគ្នានោះ គឺជាអាវុធដែលជនល្មើសបំរុងធ្វើការជួញដូរដោយខុសច្បាប់។ កាលពីម្សិលមិញ, មន្ត្រីយោធា៤ នាក់ត្រូវបានតុលាការរាជធានី បានឃុំខ្លួនរួចមកហើយ, និងនៅថ្ងៃទី២៤វិច្ឆិកានេះទៀត មន្ត្រីយោធា៣នាក់ទៀត ក៏ត្រូវបានឃុំខ្លួនបណ្តោះអាសន្នថែមទៀត ពីបទពាក់ព័ន្ធបទល្មើសរក្សាទុក និងជួញដូរអាវុធដោយច្បាប់ក្នុង
ចំណោមជនសង្ស័យយោធាទាំង៧នាក់ រួមមាន២នាក់គឺម្នាក់មានឋានៈជាឧត្តមសេនីយ៍ទោនិងម្នាក់ទៀតគឺជា ឧត្តមសេនីយ៍ត្រី។ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល ត្រូវបានសារ ព័ត៌មានក្នុងស្រុកដកស្រង់សម្តីបញ្ជាក់ថា ជនសង្ស័យទាំង៧កំពុងស្ថិតក្រោមការស៊ើបអង្កេតពីបទជួញដូរ នាំ ចេញនិងសន្និធិអាវុធ, គ្រឿងផ្ទុះ និងគ្រាប់រំសេវ ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច យោងតាម មាត្រា៤៨៨ និងមាត្រា២០ នៃក្រមព្រហ្មទណ្ឌ និងច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ ។
មន្រ្តីយោធាទាំង៧នាក់នេះ ត្រូវបានកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកម្លាំងនគរបាលជាតិ ចាប់ ខ្លួននៅយប់ថ្ងៃទី១៩ និង២០ ខែវិច្ឆិកា នៅតាមកន្លែងផ្សេងគ្នានៅតាមខេត្ត ប៉ុន្តែត្រូវបានបញ្ជួនមកកាត់ទោស នៅសាលាដំបូងរាជធានីភ្នំពេញ៕