ទីក្រុងប៉េកាំង ប្រកាសប្រឆាំងដាច់ខាត នឹងការដាក់ទណ្ឌកម្ម លើក្រុមហ៊ុនរបស់ចិនចំនួន ១២ ពីសំណាក់សហរដ្ឋអាមេរិក
ប៉េកាំង៖ ប្រទេសចិនប្រកាសថា ខ្លួនប្រឆាំងយ៉ាងដាច់អហង្ការចំពោះការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកទៅលើក្រុមហ៊ុនរបស់ចិនចំនួន ១២ ជុំវិញការព្រួយបារម្ភអំពីបញ្ហាសន្តិសុខជាតិ។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន លោកស្រី Shu Jueting បានបញ្ជាក់នៅក្នុងសន្និសិទសារព័ត៌មានថា ទណ្ឌកម្មប្រឆាំងនឹងក្រុមហ៊ុនចិន គឺជាការបង្កគ្រោះថ្នាក់ដល់សន្តិសុខនៃសង្វាក់ផ្គត់ផ្គង់ពិភពលោក និងការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចទូទាំងពិភពលោក។ លោកស្រីបានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកបានប្រើប្រាស់ជាទូទៅនូវគោលគំនិតនៃសន្តិសុខជាតិ និងការដាក់ទណ្ឌកម្មតាមអំពើចិត្ត ដោយលោកស្រីបានបន្ថែមថា ទង្វើនេះខ្វះមូលដ្ឋានជាក់ស្តែង។ ប្រតិកម្មធ្ងន់ៗរបស់ចិនខាងលើនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋបាលប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានដាក់បញ្ចូលក្រុមហ៊ុនបរទេសចំនួន ២៧ រួមទាំងក្រុមហ៊ុន ១២ មកពីប្រទេសចិន ទៅក្នុងបញ្ជីខ្មៅពាណិជ្ជកម្ម ស្ថិតក្រោមហេតុការណ៍ព្រួយបារម្ភពីបញ្ហាសន្តិសុខជាតិ។ នេះបើតាមការិយាល័យឧស្សាហកម្ម និងសន្តិសុខ (BIS) នៃក្រសួងពាណិជ្ជកម្មអាមេរិក។
ហើយក្រៅពីអង្គភាពចិនទាំង ១២ នោះ បញ្ជីនេះក៏មានក្រុមហ៊ុនមកពីប្រទេសជប៉ុន ប៉ាគីស្ថាន និងសិង្ហបុរី ព្រមទាំងក្រុមហ៊ុនមួយមានមូលដ្ឋាននៅរុស្ស៊ីផងដែរ។ បើយោងតាមឯកសារ គឺក្រុមហ៊ុនទាំងនោះ បានសហការជាមួយក្រុមហ៊ុនជួរមុខរបស់កូរ៉េខាងជើង រដ្ឋាភិបាលចិន និងអង្គភាពរងឧស្សាហកម្មការពារជាតិជាដើម៕ ប្រភព៖ CGTN