រដ្ឋបាលខណ្ឌឫស្សីកែវ សម្រេចបិទអាជីវកម្មខារ៉ាអូខេមួយកន្លែង ក្រោយទទួលបណ្ដឹងពីពលរដ្ឋ នៅសង្កាត់ទួលសង្កែទី១
ភ្នំពេញ៖ ទីតាំងអាជីវកម្មខារ៉ាអូខេមួយកន្លែង មានម្ចាស់ឈ្មោះ ងួន ស្រី ស្ថិតនៅភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ដែលរឹងរូសមិនស្ដាប់ការណែនាំ និងបន្តចាក់សម្លេងរំខាន ទាំងគ្មានលិខិតអនុញ្ញាត នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ម្សិលមិញ ត្រូវបានបិទចោលជាស្ថាពរហើយ បន្ទាប់ពីលោក ជា ពិសី អភិបាលខណ្ឌ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ទទួលបានពាក្យបណ្ដឹងពីប្រជាពលរដ្ឋ តាមរយៈបណ្តាញទំនាក់ទំនងសង្គម Facebook។

ការណែនាំច្រើនលើក ក្រោយទទួលបានពាក្យបណ្ដឹង រហូតឈានទៅដល់ការបិទចោលជាស្ថាពរ នូវទីតាំងអាជីវកម្មខារ៉ាអូខេ មានម្ចាស់ឈ្មោះ ងួន ស្រី ដែលបង្កសម្លេងរំខានដល់ប្រជាពលរដ្ឋ ខាងលើនេះ ដឹកនាំដោយលោក ស្រី សួស សូលីដា អភិបាលរងខណ្ឌ និងអាជ្ញាធរភូមិ-សង្កាត់ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

លោក ជា ពិសី ថ្លែងថា មុនឈានដល់ការសម្រេចបិទចោលនូវអាជីវកម្ម ខារ៉ាអូខេ ខាងលើនេះដែរ កន្លងមក អាជ្ញាធរភូមិ-សង្កាត់ បានចុះធ្វេីការណែនាំដល់ ម្ចាស់អាជីវកម្មធ្វើការបន្ថយសម្លេង និងបញ្ឈប់ការចាក់ភ្លេងរហូតដល់ពេលយប់ តែផ្ទុយទៅវិញ ម្ចាស់ទីតាំងនេះ នៅតែរឹងរូស ហើយបន្តចាក់ជាសម្លេងរំខានដដែល ជាដដែល ធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ក្រៅពីរកឃើញអាជីវកម្មនេះ ពុំមានលិខិតអនុញ្ញាត និងស្ថិតនៅតំបន់មិនរៀបរយ លេីចំណីផ្លូវរថភ្លេីង ថែមទៀត។

លោកអភិបាលខណ្ឌ ព្រមានថា បន្ទាប់ពីបិទចោលជាស្ថាពរនូវអាជីវកម្ម ខារ៉ាអូខេ ដែលបង្កការរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋនេះហើយ បើសិនជាក្នុងករណីម្ចាស់ទីតាំង មិនព្រមអនុវត្តតាមការណែនាំ នោះទេ ពោលគឺនៅតែបន្តលួចបើក នោះរដ្ឋបាលខណ្ឌ នឹងចាត់វិធានការចុះដកហូតយកសម្ភារៈមករក្សាទុក ដោយមិនទទួលខុសត្រូវលើការខូចខាត ឫបាត់បង់ឡើយ៕ធ.ដ ដោយ ហាស់ កំសាន្ដ