នាយករដ្ឋមន្ត្រីថ្មីរបស់ស៊ុយអែត លាលែងពីតំណែងវិញ
លោកស្រី Magdalena Andersson នាយករដ្ឋមន្ត្រីស្ត្រីដំបូងបំផុតនៅក្នុង ប្រវត្តិសាស្ត្ររបស់ប្រទេសស៊ុយអែត បានប្រកាសលាលែងពីតំណែង ក្រោយសភាបានបោះឆ្នោតតែងតាំងមិនបាន ១២ម៉ោងផង។
ក្រោយសភាតែងតាំងលោកស្រី Magdalena ជានាយករដ្ឋមន្ត្រី ដោយរដ្ឋាភិបាលចម្រុះដែលដឹកនាំដោយលោកស្រី Magdalena មកពីគណបក្សសង្គមប្រជាធិបតី និងគណបក្សបៃតង ដែលជាដៃគូរបស់រដ្ឋាភិបាលលោកស្រី បានស្នើគម្រោងថវិកាថ្មីប្រចាំឆ្នាំ ដែលផ្ដោតទៅលើការកាត់ពន្ធលើប្រេងឥន្ធនៈ និងបន្ថែមចំណាយលើប្រព័ន្ធយុត្តិធម៌ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មដោយក្រុមជនពាល ដែលប្រទេសនេះជួបប្រទះច្រើនសព្វថ្ងៃនេះ។
គម្រោងថវិកាថ្មីនេះមិនត្រូវបានសភាអនុម័តសម្រេចឲ្យប្រើប្រាស់នោះឡើយ ដោយសារតែមានសំឡេងក្នុងសភាភាគច្រើនមិនគាំទ្រ។ ព្រោះតែរឿងគម្រោងថវិកាថ្មីមិនអាចធ្វើទៅបាន ខាងសម្ព័ន្ធមិត្តរបស់រដ្ឋាភិបាលចម្រុះគឺគណបក្សបៃតងបានសម្រេចចាកចេញពីរដ្ឋាភិបាលចម្រុះនេះ ដែលជាហេតុធ្វើឲ្យលោកស្រី Magdalena លាលែងពីតំណែង៕