សហរដ្ឋអាម៉េរិកអះអាងថា ត្រៀមខ្លួនរួចរាល់ហើយ នៅចំពោះមុខការគំរាមកំហែងនៃកាដូបុណ្យដូអែលរបស់កូរ៉េខាងជើង
សហរដ្ឋអាម៉េរិក៖ អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក ដេវ អ៊ីសប៊ឺន បាននិយាយនៅថ្ងៃពុធនេះថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់យើងនៅជុំវិញពិភពលោកត្រៀមលក្ខណៈជានិច្ច ដើម្បីការពារខ្លួនឯងក្នុងឱកាសថ្ងៃបុណ្យគ្រីស្មាស់ ស្របពេលដែលកូរ៉េខាងជើងនិយាយថា ខ្លួននឹងជូនកាដូបុណ្យណូអែលដល់សហរដ្ឋអាមេរិក ។

ការលើកឡើងបែបនេះរបស់លោក ដេវ អ៊ីសប៊ឺន ត្រូវបានធ្វើឡើងបន្ទាប់ពីកាលពីចន្លោះថ្ងៃអង្គារ និងថ្ងៃពុធនេះ ទីក្រុងវ៉ាស៊ីនតោនបានធ្វើការហោះហើរយន្តហោះស៊ើបការណ៍ចំនួន០៤គ្រឿងនៅលើឧបទ្វីបកូរ៉េ ដើម្បីត្រៀមឆ្លើយតបចំពោះសកម្ម ភាពបង្កហេតុរបស់កូរ៉េខាងជើង ។

គួរបញ្ជាក់ផងដែរថា កាដូបុណ្យណូអែលរបស់កូរ៉េខាងជើងត្រូវបានមនុស្សភាគច្រើនរំពឹងថា គឺជាការបាញ់គ្រាប់មីស៊ីលផ្លោងឆ្លងទ្វីប (ICBM) ក្រោយទីក្រុងព្យុងយ៉ាងទើបតែបានធ្វើតេស្តដ៏សំខាន់ចំនួនពីរលើកដែលគេជឿថា ជាការសាកល្បងម៉ាស៊ីនគ្រាប់រ៉ុក្កែតនៅកន្លែងបង្ហោះផ្កាយរណបក្នុងខែធ្នូនេះ ៕ធ.ដ
