ការស្ទង់មតិមួយបង្ហាញថា ៧៤ភាគរយនៃប្រជាជនរស់នៅក្នុងទីក្រុងសេអ៊ូលជឿជាក់ថា កូរ៉េខាងត្បូង និងកូរ៉េខាងជើងគួរតែបង្រួបបង្រួមគ្នា
កូរ៉េខាងត្បូង៖ ប្រជាជនច្រើនជាង៧ក្នុងចំណោម១០នាក់ដែលរស់នៅក្នុងទីក្រុងសេអ៊ូលជឿជាក់ថា កូរ៉េខាងត្បូង និងកូរ៉េខាងជើងគួរតែត្រូវបានបង្រួបបង្រួមគ្នា នេះបើតាមការស្ទង់មតិមួយ ដែលធ្វើឡើងដោយរដ្ឋាភិបាលក្រុងសេអ៊ូលផ្ទាល់ ។

យោងតាមការស្ទង់មតិមួយដែលធ្វើឡើងកាលពីចុងខែវិច្ឆិកាកន្លងមកនេះ បានបង្ហាញថា ៧៤.២ភាគរយនៃប្រជាពលរដ្ឋប្រមាណ២ពាន់នាក់បាននិយាយថា ការបង្រួបបង្រួមគ្នារវាងប្រទេសបងប្អូនកូរ៉េទំាងពីរគឺពិតជាមានសារៈសំខាន់ណាស់ ខណៈលទ្ធផលនៃការស្ទាបស្ទង់នេះ មានភាពស្រដៀងគ្នាទៅនឹងលទ្ធផលនៃការស្ទង់មតិការពីឆ្នំាមុន ។

សូមបញ្ជាក់ថា របាយការណ៍នៃការស្ទង់មតិខាងលើនេះ ត្រូវបានបង្ហាញឱ្យដឹងស្របពេលដែលស្ថានភាពនៅលើតំបន់ឧបទ្វីបកូរ៉េ កំពុងកើនឡើងកម្តៅសាជាថ្មីទៀត ក្រោយកូរ៉េខាងជើងបានធ្វើតេស្ដដ៏សំខាន់មួយនៅឯទីតាំងបាញ់បង្ហោះផ្កាយរណប សូហេ កាលពីថ្ងៃទី០៧ និងថ្ងៃទី១៣ ខែធ្នូកន្លងទៅ ហើយយោធាកូរ៉េខាងជើងក៏បានអះអាងដែរថា ការធ្វើតេស្ដនេះគឺជាការអភិវឌ្ឍអាវុធយុទ្ធសាស្ត្រថ្មី ដើម្បីទប់ទល់នឹងការគំរាមកំហែងដោយអាវុធនុយក្លេអ៊ែរពីសំណាក់សហរដ្ឋអាម៉រិក ៕ធ.ដ
