ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ត្រូវបានប្រកាសទទួលស្គាល់ជាប្រធានកិត្តិយសគណៈកម្មាធិការសមាគមអតីយុទ្ធជនកម្ពុជាខេត្ត( មានវីដេអូ )

       ថ្លែងក្នុងឱកាសប្រកាសទទួលស្គាល់ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ដែលទើបតែផ្លាស់មកពីខេត្តកំពង់ធំ ជំនួសឯកឧត្តមងួន រតនៈ អតីតអភិបាលខេត្តបាត់ដំបង ជាប្រធានកិត្តិយសនៃគណៈកម្មាធិការសមាគមអតីតយុទ្ធកម្ពុជា ខេត្តបាត់ដំបង កន្លងទៅនេះ។

      ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធាន ទី១ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពជា បានថ្លែងលើកឡើងថា៖ខេត្តបាត់ដំបងគឺជាខេត្តដែលមានអតីតយុទ្ធជន ច្រើនជាងគេនៅទូទាំងប្រទេស ហើយមានសេសសល់នូវបញ្ហាជាច្រើនដែលបងប្អូនអតីតយុទ្ធជនកំពុងតែជួបប្រទះ និងកំពុងតែត្រូវបានដោះស្រាយជូនជាបន្តបន្ទាប់ផងដែរ។

       ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្តថា៖សមាជិកអតីតយុទ្ធជនកម្ពុជា នៅក្នុងខេត្តបាត់ដំបង គឺមកដល់ពេលនេះមានចំនួនប្រមាណជាង១ម៉ឺននាក់។ហើយក្នុងនោះ សមាជិកជាង ៤០០នាក់ កំពុងរស់នៅក្នុងស្ថានភាព មានដីអត់ផ្ទះ គ្មានដីគ្មានផ្ទះនិងរស់នៅលើដីសាធារណៈជាដើម។

      កន្លងមកចាប់ពីឆ្នាំ២០១៦ដល់ឆ្នាំ២០២១ផ្ទះជាង ២០០ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ត្រូវបានប្រគល់ជូនគ្រួសារអតីតយុទ្ធជន ជាបន្តបន្ទាប់។

      ក្នុងពិធីប្រកាសទទួលស្គាល់ឯកឧត្តម សុខ លូ ជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបង។ ក្នុងនោះឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម បានថ្លែងឲ្យដឹងទៀតថា នៅទូទាំងប្រទេសកម្ពុជា ខេត្តបាត់ដំបងមានអតីតយុទ្ធជនច្រើនជាងបណ្ដាខេត្តនានា។ ហើយសម្ដេចក្រឡាហោម ស ខេង ក៏បានផ្ដល់ដីចំនួន ២០០ហិកតា ដើម្បីត្រៀមសម្រាប់សាងសង់ផ្ទះសម្បែងនិងរៀបចំជាភូមិឋាន ជូនដល់បងប្អូនដែលជាអតីតយុទ្ធជននៅក្នុងខេត្តបាត់ដំបងផងដែរ។

        ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម បានពាំនាំនូវផ្តាំផ្ញើនិងការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះសមាជិកអតីតយុទ្ធជនទាំងអស់ ដោយបានថ្លែងថា៖សម្ដេចទាំងទ្វេមិនបានបំភ្លេច និងបោះបង់ចោល បងប្អូនអតីតយុទ្ធជន យើងឡើយ។សម្តេចតែងតែយកចិត្តទុកដាក់នឹកឃើញជានិច្ចចំពោះគុណបំណាច់ដែលមិនអាចកាត់ថ្លៃបានរបស់បងប្អូនអតីតយុទ្ធជនយើង ក្នុងការបូជានូវសាច់ស្រស់ឈាមស្រស់ដើម្បីបុព្វហេតុការពារទឹកដី និងក្នុងការស្វែងរកសុខសន្តិភាពជូនប្រទេសជាតិមាតុភូមិ។

      ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានណែនាំឱ្យមានការចាត់តាំងអភិបាលរងខេត្តទទួលបន្ទុក លោកអធិការរង និងនាយរងប៉ុស្តិ៍ គឺក្នុងមួយអង្គភាពម្នាក់ ដើម្បីឱ្យទទួលបន្ទុកកាន់ការងារអតីតយុទ្ធជននិងដើម្បីក្តាប់អំពីស្ថានភាពសុខទុក្ខពីការលំបាកក្នុងជីវភាពរស់នៅរបស់បងប្អូននិងក្រុមគ្រួសារអតីតយុទ្ធជនក្មុងខេត្តឲ្យបានច្បាស់លាស់ដើម្បីធានាបានថា៖បងប្អូនអតីតយុទ្ធជនទាំងនោះ ទទួលបាននូវការយកចិត្តទុកដាក់និងភាពកក់ក្តៅ ពីថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និងពីប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា៕ (អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប)

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner