អ្នកការទូតជាន់ខ្ពស់របស់អាមេរិកធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសអាស៊ីអាគ្នេយ៍ចំនួន ៤
លោក Daniel Kritenbrink ឧបការីនៃក្រសួងការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា ធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសអាស៊ីអាគ្នេយ៍ចំនួន ៤ ដែលចាប់ផ្ដើមតាំងពីថ្ងៃសៅរ៍សប្ដាហ៍មុនមកនេះ។ ប្រទេសទាំង ៤ ដែលលោកទស្សនកិច្ចនោះគឺ ប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី និងប្រទេសថៃ។
ដំណើរទស្សនកិច្ចនេះនឹងបញ្ចប់នៅថ្ងៃទី៤ ខែធ្នូខាងមុខនេះ។
បើយោងតាមការចុះផ្សាយរបស់ក្រសួងការបរទេសអាមេរិក អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំរដ្ឋធានីហាណូយរូបនេះ នឹងជួបជាមួយមន្ត្រីជាន់ខ្ពស់ប្រចាំប្រទេសទាំង ៤ នោះ ដើម្បីពិភាក្សាពីបញ្ហាសំខាន់ៗ ដែលកំពុងប្រឈមនៅក្នុងតំបន់ និងពិភពលោក។
ជាមួយគ្នានេះដែរ លោកក៏នឹងបញ្ជាក់ពីជំហររបស់អាមេរិកក្នុងការការពារសណ្ដាប់ធ្នាប់អន្តរជាតិប្រកបដោយការគោរពច្បាប់ នៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកផងដែរ។
ក្រៅពីពិភាក្សាបញ្ហាយុទ្ធសាស្ត្រ លោក Kritenbrink នឹងលើករឿងវិបត្តិអាកាសធាតុ ក៏ដូចជា បញ្ហាប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ហើយជាពិសេសទៅទៀតនោះគឺ លោកនឹងពិភាក្សាអំពី «ការដាក់សម្ពាធទៅលើយោធាភូមា [មីយ៉ាន់ម៉ា]» ដើម្បីសម្រួលដល់ការដឹកជញ្ជូនជំនួយមនុស្សធម៌ និងការស្ដារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ា។
បន្ថែមពីលើនេះទៅទៀត ឧបការីក្រសួងការបរទេសអាមេរិកក៏នឹងជជែកអំពីកិច្ចសហប្រតិបត្តិក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ ជាមួយប្រទេសអាស៊ាន៕

ប្រភព៖ State.gov