ជនសង្ស័យម្នាក់ដែលតែងតែជិះកង់ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃយ៉ាងសកម្មនៅខណ្ឌមានជ័យ ត្រូវនគរបាលឃាត់ខ្លួនហើយ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងប៉ុស្តិនគរបាលស្ទឹងមានជ័យទី១ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពេលធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីម្នាក់បានសម្រេចកាលពីវេលាម៉ោង១១ និង៤០នាទីយប់ថ្ងៃទី២៣ ខែធ្នូឆ្នាំ២០១៩ នៅចំនុចក្រោមស្ពានអាកាសស្ទឹងមានជ័យ ផ្លូវព្រះមុន្នីរ៉េត ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះទៀង វិសាល ភេទប្រុស អាយុ២៨ឆ្នាំមុខរបរមិនពិតប្រាកដ មានសារធាតុញៀន។ ក្រោយពេលសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យខាងលើនេះ រួចក៏បានបញ្ជូនទៅធ្វើការសាកសួនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើបានសារភាពថារូបគេធ្លាប់ធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនរងគ្រោះបានសម្រេចរហូតទៅដល់៣លើក
ដោយរូបគេតែងតែធ្វើសកម្មភាពជិះកង់ឆក់ពីជនរងគ្រោះដែលឈប់ម៉ូតូនិយាយទូរសព្ទ័នៅខាងក្រោមស្ពានអាកាសស្ទឹងមានជ័យជាញឹកញាប់។បច្ចុប្បន្ននេះ ជនសង្ស័យខាងលើត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធី៕ធ.ដ