បារាំងផាកពិន័យក្រុមហ៊ុន Google រហូតដល់១៦៧លានដុល្លារ ដោយសារការបង្កើតច្បាប់ផ្សាយពាណិជ្ជកម្មដែលមិនច្បាស់លាស់
បារាំង៖ អាជ្ញាធរតាមដានការប្រកួតប្រជែងរបស់បារាំង បានសម្រេចផាកពិន័យក្រុមហ៊ុន Google របស់សហរដ្ឋអាមេរិកជាទឹកប្រាក់រហូតដល់១៥០លានអឺរ៉ូ ឬស្មើនឹង១៦៧លានដុល្លារអាមេរិក ពីបទប្រើប្រាស់ច្បាប់គ្រប់គ្រង ការផ្សាយពាណិជ្ជកម្មតាមអនឡាញដោយមិនច្បាស់លាស់ ។

បើតាមសេចក្តីថ្លែងការណ៍របស់និយតករបារាំងបានសង្កត់ធ្ងន់ថា អាជ្ញាធរតាមដានការប្រកួតប្រជែងបារាំងបានសម្រេចដាក់ពិន័យ១៥០លានអឺរ៉ូ និងទាមទារឱ្យក្រុមហ៊ុន Google បកស្រាយឱ្យច្បាស់នូវច្បាប់ធ្វើប្រតិបត្តិការ សម្រាប់ការផ្សាយពាណិជ្ជកម្ម ឬ Google Ads ក៏ដូចជានីតិវិធីសម្រាប់ការព្យួរគណនីនានាឡើងវិញ ។

សូមរំលឹកផងដែរថា កាលពីខែកញ្ញាកន្លងទៅ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិកមួយនេះ ក៏បានព្រមព្រៀងក្នុងការបង់ប្រាក់ជាង ១ពាន់លានដុល្លារអាមេរិកផងដែរ ទៅដល់អាជ្ញាធរពន្ធគយរបស់បារាំង ដើម្បីបញ្ចប់ជម្លោះពាក់ព័ន្ធនឹងការបង់ពន្ធ ដែលបានផ្ទុះឡើងកាលពី០៤ឆ្នាំមុន ៕ធ.ដ
