ក្រុមហ៊ុនចិន មកពីទីក្រុងសៀងហៃ មានគម្រោងបោះទុនវិនិយោគធ្វើការកែច្នៃសំរាមឲ្យទៅជាថាមពលអគ្គិសនី នៅក្នុងខេត្តបាត់ដំបង (មានវឋិដេអូ)
ក្រុមហ៊ុនចិនមួយជាប់លំដាប់ទី៣ មកពីទីក្រុងសៀងហៃ នៃសាធារណរដ្ឋប្រជាមានិតចិន គ្រោងវិនិយោគក្នុងការដាងសង់ នូវ រោងចក្រធ្វើការកែច្នៃសំរាម ឲ្យទៅជារោងចក្រផលិតថាមពលអគ្គិសនី នៅក្នុងខេត្តបាត់ដំបង។ នេះគឺជាលើកទី១ ហើយ
ដែលក្រុមហ៊ុនចិនមួយនេះ បានសម្លឹងឃើញពីសក្តានុពលក្នុងការកែច្នៃសំរាម ឲ្យទៅជាថាពលអគ្គិសនី ក្នុងខេត្ត។
នេះគឺជាការលើកឡើងរបស់តំណាងក្រុមហ៊ុន CITICPE ដែលជាក្រុមហ៊ុនកែច្នៃសំរាមមួយជាប់លំដាប់ទី៣ នៅក្នុងប្រទេសចិន ដែលបានបង្ហាញពីគម្រោងក្នុងការធ្វើវិនិយោគកាកសំណល់សំរាមក្នុងខេត្ត និងមានគោលបំណងក្នុងការសាងសង់នូវរោងចក្រកែច្នៃសំរាមឲ្យទៅជាថាមពលអគ្គិសនីដើម្បីជាការឆ្លើយតបអំពីកង្វល់ និងតម្រូវការក្នុងខេត្ត និងឆ្លើយតបទៅនឹងការអំពាវនាវ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានអំពាវនាវដល់បណ្តាក្រុមហ៊ុននានាទាំងក្នុង និងក្រៅប្រទេសឲ្យមកវិនិយោគលើវិស័យកែច្នៃសំរាមនៅកម្ពុជា។

ក្នុងឱកាសដែលលោក Zhou Yuhui ជាប្រធានក្រុមហ៊ុន CITICPE មកពីទីក្រុងសៀងហៃ នៃប្រទេសចិន ដែលបានចូលជួបពិភាក្សានូវការងារជាមួយ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងមន្ត្រីពាក់ព័ន្ធមកពីសាលាខេត្ត និង សាលាក្រុងបាត់ដំបង មួយចំនួន នាវេលាល្ងាច ថ្ងៃទី២៤ខែធ្នូ ឆ្នាំ២០១៩នេះ នៅសាលាខេត្តបាត់ដំបង ។

តាមរយៈបទបង្ហាញ និងការបញ្ចាំងស្លាយនៅក្នុង់កិច្ចជំនួបនេះ លោក Zhou Yuhui ក៏បានលើកឡើងថា គម្រោងនេះកំពុងស្ថិតក្នុងការសិក្សានៅឡើយ ព្រោះដោយសារខាងក្រុមហ៊ុន ស្នើដល់អាជ្ញាធរខេត្តឲ្យជួយគាំទ្រទៅលើការងាមួយចំនួន ដែលទាក់ទិនទៅ និងការវិនិយោគរបស់ខ្លួននៅក្នុងខេត្តបាត់ដំបង ដែលក្នុងនោះ លើការងារប្រមូលសំរាម ដែលជាតម្រូវការចាំបាច់យ៉ាងហោចណាស់ក្នុងមួយថ្ងៃឲ្យបាន ៦០០តោន ដើម្បីធ្វើឲ្យសង្វាក់ផលិតថាមពលពីការកែច្នៃសំរាម ទទួលបានជោគជ័យនិងធានាពីតម្រូវការក្នុងការកែច្នៃប្រចាំថ្ងៃ។

ក្នុងនេះ ក្រុមហ៊ុនចង់ឲ្យអាជ្ញាធរជួយ ពីការទុកដាក់កាកសំណល់សំរាមរបស់ពលរដ្ឋនៅកន្លែងណាមួយច្បាស់លាស់ ដើម្បីធ្វើការដឹកជញ្ជូនសំរាម នៅក្នងខេត្តបាត់ដំបង។ តំណាងក្រុមហ៊ុនចិន ក៏បានគូសបញ្ជាក់ផងដែរថា៖ កន្លងមកនៅក្នុងខេត្តក៏មានក្រុមហ៊ុនកំពុងតែធ្វើការដឹកជញ្ជូនសំរាម និងប្រមូលទុកដាក់សំរាម។ ដូចនេះ សុំឲ្យអាជ្ញាធរជួយ
សម្របសម្រួលឲ្យមានអ្នកជំនាញរបស់ក្រុមហ៊ុនបានចុះធ្វើការសិក្សាដោះស្រាយពីបញ្ហាសំរាមក្នុងខេត្តជាមួយ និងក្រុមហ៊ុនទាំងនោះផងដែរ ។

លោក Zhou Yuhui បានសង្កត់ធ្ងន់ទៀតថា បើការងារត្រូវបានសិក្សា និងដោះស្រាយចប់រួចរាល់ជាមួយ និងក្រុមហ៊ុនហើយនោះ គឺនឹងឈានទៅដល់ការសាងសង់រោងចក្រដែលអាចកែច្នៃសំរាមមួយចំនួនទៅជាឋាមពលអគ្គិសនី ដូចជា៖ សំរាមប្លាស្ទិក និងលោហៈធាតុ ដែលអាចធ្វើការកែច្នៃជាវត្ថុប្រើប្រាស់វិញបាន ហើយថែមទាំងធ្វើឲ្យបរិស្ថានក្នុងខេត្តកាន់តែមានភាពល្អប្រសើរផងដែរ។ ហើយគម្រោងនេះ អាចរំពឹងថា៖ នឹងទទួលបានជោគជ័យ និងបានជាគំរូដល់ខេត្តផ្សេងៗផងដែរ ។

ថ្មីៗកន្លងទៅនេះ បើតាមការគូសបញ្ជាក់នៅក្នុងរបាយការណ៍របស់ក្រសួងបរិស្ថានក្នុងឱកាសដែលប្រារព្វធើ្វយុទ្ធនាការក្នុងការកាត់បន្ថយពីការប្រើប្រាស់ប្លាស្ទិក និងផ្សព្វផ្សាយពីកន្រ្តកបរិស្ថានសារជាថ្មីម្តងទៀតនៅក្នុងក្រុង-ខេត្តបាត់ដំបង គឺ៖ បានបង្ហាញឲ្យដឹងថាតាមបណ្តាខេត្ត-រាជធានីធំៗដែលផលិតបរិមាណសំរាមច្រើនក្នុងនោះ រាជធានីភ្នំពេញ ប្រមាណជាង៣ពាន់តោន/០១ថ្ងៃ។ ក្រុងព្រះសីហនុ ប្រមាណ៧០០តោន/០១ថ្ងៃ។ ក្រុងសៀមរាប ៣៨០តោន/០១ថ្ងៃ។ដោយឡែកនៅក្នុងក្រុងបាត់ដំបង ប្រមាណពី១៣០ទៅ១៥០តោន/ ក្នុងមួយថ្ងៃ។ ហើយសំរាមទាំងនោះ៦៥% ជាសំណល់សរីរាង្គ និង៣៥% គឺជាសំណល់ប្លាស្ទិក។

ក្នុងកិច្ចជំនួបនេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានឆ្លើយតបទៅកាន់ក្រុមហ៊ុនថា៖ ក្នុងនាមរដ្ឋបាលខេត្តបាត់បង គាំទ្រទាំងស្រុងនូវគោលបំណង និងគម្រោងរបស់ក្រុមហ៊ុនក្នុងការជ្រើសរើសយកខេត្តបាត់ដំបង ធ្វើជាគោលដៅក្នុងការវិនិយោគ លើវិស័យកែច្នៃសំរាម នៅក្នុងខេត្ត។ ឯកឧត្តមអភិបាលខេត្ត បានជំរុញដល់ក្រុមហ៊ុនឲ្យធ្វើការសិក្សារលម្អិត ពីគម្រោង ដែលខ្លួនត្រូវការ។ ហើយអ្វីដែលផ្តោតសំខាន់ទៀតនោះ គឺសុំឲ្យភាគីក្រុមហ៊ុន ខិតខំធ្វើការសិក្សាលម្អិត នៅតាមបណ្តាស្រុករបស់ខេត្តជាមុនសិនមុន និងសិក្សាពីលទ្ធភាពក្នុងការធ្វើផែនការវិនិយោគនិងពីគម្រោងដែលក្រុមហ៊ុនសំណូមពរឲ្យរដ្ឋបាលខេត្ត ជួយសម្របសម្រួលនោះ។
ឯកឧត្តម ងួន រតនៈ បានថ្លែងទៀតថា៖ អ្វីដែលក្រុមហ៊ុនលើកឡើងពីបញ្ហាសំរាម គឺកន្លងមកនេះ
អាជ្ញាធរខេត្តមានកង្វល់ពីបញ្ហាប្រឈមក្នុងការទុកដាក់ និងការកែច្នៃសំរាម ពីព្រោះមិនមានក្រុមហ៊ុនណាមួយបានធ្វើការវិនិយោគក្នុងការកែច្នៃ។ ដោយគ្រាន់តែធ្វើការប្រមូលផ្ដុំ ឬ ដុតចោលតែប៉ុណ្ណោះ។ ដែលបង្កនូវការបំពុលផ្សែង និងធ្វើឲ្យប៉ះពាល់ដល់បរិយាកាសបរិស្ថាន និងសុខភាពប្រជាពលរដ្ឋ។
ឯកឧត្តមអភិបាលខេត្ត បានសម្ដែងនូវការស្វាគមន៍គាំទ្រយ៉ាងខ្លាំង និងថែមទាំងបានជំរុញ ពីគម្រោងវិនិយោគរបស់ក្រុមហ៊ុនចិន ដែលបានមើលឃើញពីសក្តានុពលរីកចម្រើន និងជាខេត្តគោលដៅរបស់ខ្លួន។ ក្នុងនោះ ឯកឧត្តម ក៏បានជំរុញទៅខាងក្រុមហ៊ុនឲ្យសហការជាមួយអាជ្ញាធរខេត្ត ចុះទៅតាមបណ្ដាស្រុក ដើម្បីសិក្សាស្វែងយល់បន្ថែមទៀតមុននឹងសម្រេចឈានដល់ការព្រមព្រៀងផ្នែកផ្លូវច្បាប់-ផ្នែកបច្ចេកទេសនិងដើម្បីធ្វើឲ្យគម្រោងមួយនេះ លេចចេញជារូបរាងពិតប្រាកដ និងទទួលបាននូវផលផ្លែផ្កាក្នុងរយៈពេលដ៏ខ្លីឆាប់ៗខាងមុខនេះ៕ធ.ដ
ដោយ៖ អ៊ុក សំអាន