ក្រុមនារីស្វាយរៀង ក្លាយជាជើងឯកពាន បាល់ទាត់នារី ២០១៩ បន្ទាប់យកឈ្នះ ក្រុមនារីភ្នំពេញក្រោម
ជ័យជម្នះ២ទល់នឹង០លើភ្នំពេញក្រោនក្នុងវគ្គផ្ដាច់ព្រ័ត្រ បាល់ទាត់នារី២០១៩នៅមជ្ឈមណ្ឌលបាល់ទាត់ជាតិបាទី ថ្ងៃចន្ទ ទី២៣ ធ្នូ បានផ្ដល់តំណែងជើងឯក ដល់ក្រុមខេត្តស្វាយរៀង ជាលើកទីពីរបន្ទាប់ពីឆ្នាំ២០១៨។មុនឈានឡើងដល់វគ្គលើកពាននេះ ភ្នំពេញក្រោន បានបញ្ចប់នៅលេខ២ពូល A ដោយចាញ់ក្រុមលេខមួយក្នុងពូល កំពង់ស្ពឺមួយលើក ហើយក្រៅពីនោះឈ្នះខេត្តកណ្ដាល និងបន្ទាយមានជ័យ។

ចំណែកខេត្តស្វាយរៀង ក៏ឈរនៅលេខពីរក្នុងពូល B ដែរ ដោយក្រុមលេខមួយសៀមរាប ហើយក្រៅពីនោះឈ្នះកំពង់ឆ្នាំង, កំពង់ធំ និងរតនគិរី។ លុះចូលដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ស្វាយរៀងទម្លាក់កំពង់ស្ពឺ និងភ្នំពេញក្រោនទម្លាក់សៀមរាប។ចំណាត់ថ្នាក់លេខ៣បានទៅលើសៀមរាបដែលបានយកឈ្នះកំពង់ស្ពឺ២ទល់នឹង១។ ក្រុម Fair Play បានលើស្វាយរៀង។

ដោយឡែកសម្រាប់ការប្រកួតនារីអាយុក្រោម១៨ឆ្នាំ ដែលប្រកួតផ្ដាច់ព្រ័ត្រកាលថ្ងៃអាទិត្យ ទី២២ ធ្នូ តំណែងជើងឯកបានទៅលើខេត្តបាត់ដំបងដែលបានយកឈ្នះក្រុមនារីបឹងកេត ៤ទល់នឹង០។ ចំណាត់ថ្នាក់លេខ៣បានលើកំពង់ស្ពឺ ដែលឈ្នះខេត្តកណ្ដាល២ទល់នឹង០។

ក្រុម Fair Play បានលើកំពង់ស្ពឺ។គួរដឹងដែរថា ការប្រកួតបាល់ទាត់ នារី ២០១៩ ត្រូវបានបែងចែកជាពីរប្រភេទ គឺក្រុមធំនារី និងអាយុក្រោម១៨ឆ្នាំ។ សម្រាប់ក្រុមធំចាប់ផ្ដើមពីថ្ងៃទី១១ ដល់ថ្ងៃទី២៣ ធ្នូ មាន៩ក្រុម ដោយពូល A មាន៤ក្រុម និងពូល B មាន ៥ក្រុម។ ចំណែកក្រុម U18 នារី មាន៤ពូល ប្រកួតពីថ្ងៃទី១២ ដល់២២ ធ្នូ៕ធ.ដ




