ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ទទួល ឯកឧត្ដម ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូតវៀតណាមថ្មី ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម

នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាន អនុញ្ញាតឲ្យឯកឧត្ដម ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតវៀតណាមថ្មី ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួង។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានសម្ដែងការស្វាគមន៍ និងអបអរសាទរយ៉ាងកក់ក្ដៅចំពោះឯកឧត្ដម ង្វៀន ហ៊ុយតាំង ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៅកម្ពុជា។ ឯកឧត្តម បានគូសបញ្ជាក់ថា ជាមួយបទពិសោធន៍នៅកម្ពុជាជាង១០ឆ្នាំ ឯកឧត្តម ឯកអគ្គរដ្ឋទូត ពិតជាបានស្គាល់កម្ពុជាយ៉ាងច្បាស់ ហើយបទពិសោធន៍នេះ នឹងអាចរួមចំណែកដល់ការបំពេញភារកិច្ចរបស់ឯកឧត្តម នៅកម្ពុជា បានជោគជ័យ និងក៏ជាបច្ច័យជំរុញដល់ទំនាក់ទំនងទ្វេភាគីកម្ពុជា និងវៀតណាមកាន់តែល្អប្រសើរឡើងមួយកម្រិតថែមទៀត។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់ផងដែរថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្នាក់ដឹកនាំ និងមន្រ្តីក្រសួង ត្រៀមផ្ដល់កិច្ចសហការ និងការគាំទ្រដល់បេសកកម្មការទូតរបស់ ឯកឧត្តម នៅកម្ពុជា។

ឯកឧត្តម ង្វៀន ហ៊ុយតាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ដែលឆ្លៀតឱកាសទទួលសាវនាការរបស់ ឯកឧត្តម ហើយ ឯកឧត្តម ពិតជាមានក្តីរីករាយជាទីបំផុតដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៅកម្ពុជា។ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណជាពិសេសផងដែរចំពោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ដែលក្នុងនាមសម្តេចតេជោនាយករដ្ឋមន្រ្តី បានអញ្ជើញថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ក្នុងពិធីបើកវេទិកាជាន់ខ្ពស់អាស៊ាន ស្តីពីកិច្ចសហ ប្រតិបត្តិ ការ អនុតំបន់ សម្រាប់ការ អភិវឌ្ឍប្រកបដោយចីរភាព និងកំណើនប្រកបដោយបរិយាប័ន្ន រៀបចំដោយប្រទេសវៀតណាម កាលពីព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ។

ឯកឧត្តម ឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍនៅលើគ្រប់វិស័យយ៉ាងឆាប់រហ័ស ក្រោមព្រះរាជតំរិះដឹកនាំរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាពិសេសវឌ្ឍនភាព នៅ២ឆ្នាំចុងក្រោយ ដែលកម្ពុជាបានដាក់ចេញ និងអនុវត្តគោលនយោបាយ និងកម្មវិធីចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋរបស់ខ្លួន និងជនបរទេសដែលរស់នៅនិងបំពេញការងារលើទឹកដីកម្ពុជា ប្រកបដោយជោគជ័យបំផុត ដែលជាសញ្ញាមួយដ៏ល្អថា កម្ពុជាអាចបើកប្រទេសឡើងវិញនៅគ្រប់វិស័យ ជាពិសេស ទេសចរណ៍។

ឯកឧត្តម ឯកអគ្គរដ្ឋទូត បានបង្ហាញនូវចំណាប់អារម្មណ៍ថា កម្ពុជា និងវៀតណាម មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយឯកឧត្តម នឹងខិតខំធ្វើយ៉ាងណាឱ្យទំនាក់ទំនងជាប្រពៃណី សាមគ្គីភាព និងភាពជាអ្នកជិតខាងល្អ នៅតែល្អប្រសើររហូត។

ដើម្បីអបអរសាទរខួបលើកទី៥៥ នៃទំនាក់ទំនងការទូតកម្ពុជា និងវៀតណាម នៅឆ្នាំ២០២២ ខាងមុខនេះ ភាគីទាំងពីរបានឯកភាពលើសកម្មភាពរួមគ្នាមួយចំនួន រួមមាន ការរៀបចំបង្ហាញវប្បធម៌រវាង ប្រទេសទាំងពីរ និងការពង្រីកការផ្សព្វផ្សាយអប់រំ ដើម្បីឱ្យប្រជាជន ជាពិសេសយុវជនជំនាន់ក្រោយមានការយល់ដឹងឱ្យបានទូលំទូលាយអំពីប្រវត្តិសាស្រ្តនៃការជួយគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ។

ភាគីទាំងពីរ ឯកភាពសហការបន្តពង្រឹងនិងពង្រីកទំនាក់ទំនងជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់វិស័យ អោយកាន់តែមានប្រសិទ្ធភាព ស៊ីជម្រៅ និងមានវិសាលភាពកាន់តែទូលំទូលាយ តាមរយៈការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរ អនុវត្តអោយបានខ្ជាប់ខ្ជួននូវសេចក្តីសម្រេចចិត្តរបស់ថ្នាក់ដឹកនាំទាំងពីរ និងកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការដែលមាន ឈរលើស្មារតីមិត្តភាព សាមគ្គីភាព ភាពជាបងប្អូនដែលតែងជួយគ្នាទៅវិញទៅមក ការយោគយល់និងជឿទុកចិត្តគ្នា និងវិបុលភាពរួម។
ក្នុងនេះផងដែរ ភាគីទាំងពីរ ក៏បានឯកភាពគ្នាជំរុញទៅភាគីពាក់ព័ន្ធរៀងៗខ្លួនឱ្យឆាប់បញ្ចប់ការងារការបោះបង្គោលព្រំដែនគោកដែលនៅសេសសល់ប្រមាណ១៦% ឱ្យបានឆាប់រហ័សផងដែរ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក៏បានជម្រាបជូន ឯកឧត្តម ឯកអគ្គរដ្ឋទូត ផងដែរអំពីអាទិភាពនានា របស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ហើយ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានអះអាងជាថ្មីអំពីការគាំទ្ររបស់វៀតណាមចំពោះការធ្វើជាប្រធានអាស៊ានរបស់កម្ពុជាឱ្យទទួលបានជោគជ័យ។ ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរយោបល់គ្នាផងដែរលើបញ្ហាតំបន់ និងអន្តរជាតិដែលជាចំណាប់អារម្មណ៍រួម និងផលប្រយោជន៍ទៅវិញទៅមកផងដែរ។ ដោយ/សួង ពិសិដ្ឋ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner