ព្រឹកនេះ សម្ដេចតេជោ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង ៣៧ខ្សែ និង ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ទី១ និងទី២ ក្នុងខេត្តព្រះសីហនុ
ព្រះសីហនុ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន ៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ទី១ និងទី២ នៅក្នុងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១នេះ ដែលទីតាំងប្រារព្ធពិធីធ្វើឡើងនៅសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ (ទីលានតេជោ ពយតាមូង) ។
ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានមានប្រសាសន៍ថា គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន ៣៧ខ្សែក្នុងខេត្តព្រះសីហនុ បានបើកការដ្ឋានសាងសង់ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្តេចតេរជានាយករដ្ឋមន្ត្រី កាលពីថ្ងៃ១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ និងបានបញ្ចប់ការដ្ឋានកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១។
ខ្សែផ្លូវទាំង ៣៧ ខ្សែ មានប្រវែងសរុប ៨៤ គីឡូម៉ែត្រ និងមានផ្ទៃក្រឡាសរុប ១៤៧០ ៥១១ ម៉ែត្រការ៉េ សាងសង់ដោយអង្គភាពនិងក្រុមហ៊ុនចំនួន ០៨ និងចែកចេញជា ៣ ប្រភេទ រួមមានមហាវិថីចំនួន ៣ខ្សែ ប្រវែង ២០,៨ គីឡូម៉ែត្រ វិថីចំនួន ១៥ ខ្សែ ប្រវែង ៥០,៣ គីឡូម៉ែត្រ និងអនុវិថីចំនួន ១៩ ខ្សែ ប្រវែង ១២,៨ គីឡូម៉ែត្រ។ ខ្សែផ្លូវទាំង ៣៧ខ្សែ ត្រូវបានគិតគួរតាមនគរូបនីយកម្មហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងដែលមានភាពចាំបាច់ ដើម្បីធ្វើឱ្យក្រុងព្រះសីហនុក្លាយជាទីក្រុងដែលមានចរាចរណ៍ល្អប្រសើរប្រកបដោយនិរន្តរភាព។
ដើម្បីធានាការជំរុញការ តភ្ជាប់និងបញ្ចៀសការកកស្ទះនៅលើផ្លូវជាតិលេខ៤ តម្រោងបានបង្កើតខ្សែផ្លូវថ្មីដោយត្រូវកាត់សមុត កម្ពស់ភ្នំចន្លោះពី ៨ ម៉ែត្រ ទៅ ១៥ម៉ែត្រ និងយកមាឌដីនិងថ្មចេញសរុបប្រមាណ ១,០២ លានម៉ែត្រគូប ដើម្បីទទួលបានជម្រាលពី៦, ៥% ទៅ ៧% តាមបទដ្ឋានបច្ចេកទេស។ ខ្សែផ្លូវនីមួយៗរួមមាន ធ្វើពីបេតុង សរសៃដែក និងក្រាលដោយកម្រាលកៅស៊ូបេទឹម មានបណ្ដាញលូទឹកភ្លៀង និងលូទឹកកខ្វក់ផ្សេងគ្នា។ ចិញ្ចើមផ្លូវមានខឿនថ្មក្រានីត ផ្លូវថ្មើរជើង ផ្លូវសម្រាប់ជនមានពិការភាព និងផ្លូវជិះកង់ក្រាលថ្មក្រានីត។ ដើម្បីតភ្ជាប់ខ្សែផ្លូវទាំងអស់ គម្រោងក៍បានសាងសង់ស្ពានចំនួន ៩ កន្លែង ប្រវែងសរុប ២៩៦ ម៉ែត្រ។ គម្រោងបានរៀបចំទីលានតេជោដែលមានទំហំ ២៣ ៥៩៣ ម៉ែត្រការ៉េ សម្រាប់ជូនប្រជាពលរដ្ឋធ្វើពិធី ជួបជុំ ហាត់ប្រាណ និងដើរកម្សាន្ត និងរៀបចំចំណតរថយន្តទេសចរណ៍ RV ចំនួន ១០ចំណត និង រថយន្តគ្រួសារចំនួន ១១៤ចំណត។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ក្រៅពីការស្ថាបនាផ្លូវក្រុងទាំង ៣៧ ខ្សែខាងលើ គម្រោងក៏បានបំពាក់កាមេរ៉ាសុវត្ថិភាពចំនួន ៥៣៣ គ្រឿង ដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវចំនួន ៤ ៥៩២ បង្គោល, បំពាក់អំពូលភ្លើងឆ្លាតបំភ្លឺផ្លូវសាធារណៈ របស់ក្រុមហ៊ុន Minebea ចំនួន ៥៣០០ អំពូល ដាំផ្កា និងដើមឈើនៅអមសងខាងផ្លូវ ដាំស្មៅ ស្ថាបនា ចម្លាក់បដិមាចំនួន ៥ . ទីតាំង ចាក់បំពេញខ្សាច់ស រៀបចំផ្លូវថ្មើរជើងតាមបណ្តោយឆ្នេរប្រវែង ៩,៣២ គីឡូម៉ែត្រ សាងសង់បន្ទប់ទឹកសាធារណះចំនួន ១១កន្លែង រៀបចំកន្លែងអង្គុយកម្សាន្តសាធារណះ និងស្តារអូបឡាយ។
ឯកឧត្តម ជា សុផារ៉ា បានបន្តទៀតថា ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ចំនួន ២កន្លែងដែលសាងសង់រួច និងកំពុងដំណើរការប្រើប្រាស់ បច្ចេកវិទ្យា MABR (Membrane Aerobic Biological Reactor) ដែលជាបច្ចេកវិទ្យាចុងក្រោយរបស់ ប្រទេសអ៊ីស្រាអែល មានលទ្ធភាពកម្ចាត់ពពួកបាក់តេរី និងដកយកនូវសារធាតុ BOD, COD, អាម៉ូញាក់ (NH3-N),នីត្រាត (NO3-N), ផូស្វរ(P) និងសារធាតុពុលផ្សេងទៀត ហើយត្រូវបានទទួលស្គាល់ថាជា បច្ចេកវិទ្យាមានស្ថិរភាព ប្រសិទ្ធភាព សន្សំសំចៃថាមពល គ្មានសំឡេងរំខាន និងគ្មានក្លិនប៉ះពាល់ដល់ អ្នកជិតខាង។ ស្ថានីយទី១ មានសមត្ថភាពចម្រុះទឹកកខ្វក់ ៥ ២០០ ម៉ែត្រគូបក្នុង ១ ថ្ងៃ និងស្ថានីយទី២ មានសមត្ថភាពចគ្រោះទឹកកខ្វក់ ៧ ២០០ ម៉ែត្រគូបក្នុង ១ ថ្ងៃ។ បច្ចុប្បន្ន គម្រោងកំពុងស្ថាបនាស្ថានីយទី ៣ ដែលមានសមត្ថភាពចម្រុះទឹកកខ្វក់ ២០ ០០០ ម៉ែត្រគូបក្នុង១ ថ្ងៃ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធទាំងអស់ដែលបានស្ថាបនារួចខាងលើ បានចំណាយសរុប ៣២៤ ០៧៩ ៩៦៤ ដុល្លារសហរដ្ឋអាមេរិក ក្នុងនោះថវិការបស់រាជរដ្ឋាភិបាលចំនួន ៣១០៤៦៦ ២៧៦ ដុល្លារ ថវិកា ក្រុមហ៊ុន Vinci ចំនួន ១០ ១៦៣ ៥៩៣ ដុល្លារ ឯកឧត្តមអ្នកឧកញ៉ា លី យ៉ុងផាត់ ចំនួន ៣ ០០០ ០០០ ដុល្លារ និងឯកឧត្តមនាយឧត្តមសេនីយ៍ ខេង សុមេធ ចំនួន ៥០០ ០០០ ដុល្លារ៕ ដោយ វណ្ណលុក