ឆេះក្លឹបកំសាន្ដក្រោមដី ស្លាប់មនុស្ស ៣នាក់ និងរបួស ១នាក់ នៅខេត្ដសៀមរាប

សៀមរាប ៖ ក្លឹបកំសាន្ដក្រោមដីមួយកន្លែងស្ថិតនៅសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្ដសៀមរាប ត្រូវបានអគ្គីភ័យឆាបឆេះ បណ្ដាលឱ្យមនុស្ស ៣នាក់ស្លាប់ និងម្នាក់របួសធ្ងន់ ដោយសារឆ្លងចរន្ដអគ្គីសនី នាយប់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១នេះ ខណៈដែលបុគ្គលិកកំពុងហាត់សមត្រៀមបើកដំណើរការឡើងវិញ ។

នៅក្នុងប្រតិបត្តិការជួយសង្គ្រោះនេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និង លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប ក៏បានចុះទៅពិនិត្យ និងដឹកនាំផ្ទាល់ផងដែរ ។ លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានឱ្យដឹងថា ក្លឹបអេលិតនេះ មិនទាន់បានបើកដំណើរការនៅឡើយទេ ប៉ុន្តែរយៈពេល ៣ថ្ងៃមកនេះ បុគ្គលិកចាប់ធ្វើការសាកល្បង និងហាត់សម ដើម្បីស្នើសុំទៅអាជ្ញាធរបើកឡើងវិញ តែជាអកុសល ក៏កើតហេតុអគ្គីភ័យនេះតែម្តងទៅ ។ លោកបញ្ជាក់ថា ករណីអគ្គីភ័យនេះ ដំបូងឡើយបុគ្គលិកបានធ្វើការសាកឧបករណ៍ ក៏មានការឆ្លងចរន្តអគ្គីសនី ហើយបានយកបំពង់ពន្លត់អគ្គីភ័យបាញ់ពន្លត់ដែរតែមិនអាចជួយបាន ទើបសុំការអន្តរាគមន៍ពីសមត្ថកិច្ច ។

ដោយឡែក ឯកឧត្តម ទៀ សីហា មានប្រសាសន៍ថា អគ្គីភ័យតែងតែកើតឡើងគ្រប់ពេលបើយើងមានការប្រហែស ។ ឯកឧត្តមថា ក្លឹបកម្សាន្តទាំងអស់មុននិងបើកឡើងវិញត្រូវសហការជាមួយអាជ្ញាធរ ដើម្បីពិនិត្យមើលបច្ចេកទេសឱ្យបានសមស្រប ហើយនេះជាបញ្ហាមួយជាក់ស្តែងឃើញថា បុគ្គលិកមួយចំនួនបានមកធ្វើការតេស្តសាកល្បង ដែលមិនបានធ្វើឱ្យគ្រោះថ្នាក់កើតឡើងច្រើន ហើយបើសិនជាគាត់លួចបើក មានភ្ញៀវចូលមិនដឹងជាគ្រោះថ្នាក់ធ្ងន់ធ្ងរប៉ុនណ្ណា ? ។

សមត្ថកិច្ចបានឱ្យដឹងបន្ថែមថា ជនរងគ្រោះទាំង ៤នាក់នេះ មាន-ទី១ ឈ្មោះ អ៊ឹង ស៊ីម ភេទប្រុសអាយុប្រហែល ៤២ ឆ្នាំ រស់នៅភូមិបន្ទាយឈើ សង្កាត់ទឹកវិល មុខរបរសន្តិសុខក្លឹបអេលីត(បានស្លាប់ពេលដឹកមកដល់ពេទ្យខេត្ត) ទី២ឈ្មោះ ប្រាក់ សុភ័ណ្ឌ ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅបន្ទប់ជួលភូមិតាភុលមុខរបរ DJ ក្លឹបអេលីត(កំពុងសង្គ្រោះបន្ទាន់នៅពេទ្យខេត្ត) ទី៣ឈ្មោះ ឈឿន សំណាង ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប មុខរបរអ្នកចំរៀង បានស្លាប់ និងទី៤ឈ្មោះ ធី មេសា ហៅក្រៅ ចិត្ត ភេទប្រុស មុខរបរសន្តិសុខ អាយុ ៣៦ឆ្នាំ រស់ភូមិកន្រ្តក់ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ស្លាប់ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា អគ្គីភ័យនេះ នៅវេលាម៉ោងប្រមាណ៨យប់ ថ្ងៃទី១ខែធ្នូនេះ ខណៈដែលក្រុមបុគ្គលិកក្លឹបបាននាំរៀបចំក្លឹបកំសាន្ដនេះ ដើម្បីបើកដំណើរការឱ្យភ្ញៀវចូលលេងកំសាន្ដឡើងវិញ តាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រោយពេលបិទអស់រយៈពេលជាច្រើនខែ ដោយសារជំងឺកូវីដ១៩ ប៉ុន្ដែជាអកុសលស្រាប់តែឆ្លងចរន្ដអគ្គីសនីបណ្ដាលឱ្យមានការឆាបឆេះតែម្ដង ប៉ុន្ដែមិនបណ្ដាលឱ្យភ្លើងឆេះរាលដាលដល់គេហដ្ឋាន ឬអគារផ្សេៗនៅក្បែនោះទេ ដោយសារមានការអន្ដរាគមន៍ឡានទឹក ទាន់ពេល ហើយជាក្លឹបនៅក្រោមដីផងដែរ។ ក្លឹបកំសាន្ដក្រោមដីនេះ មានឈ្មោះ ELIT Club Party ប៉ុន្ដែដូរឈ្មោះជា ភោជនីយដ្ឋាន អេលីតវី ក្នុងអំឡុងពេលជំងឺកូវីដ១៩ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner