ផ្ទះមួយខ្នងធ្វើអំពីឈើប្រក់ស័ង្កសី មានទំហំ ៧ម៉ែត្រ គុណនិង ១០ម៉ែត្រ ត្រូវបានអគ្គីភ័យឆាប់ឆេះអស់ទាំងស្រុង ដោយសារដាំបាយ និងចង្ក្រានហ្គាស ទុកចោល
ខេត្តកំពង់ឆ្នាំង ៖ ផ្ទះឈើមួយខ្នង មានទំហំ ៧ម៉ែត្រ គុណ ១០ម៉ែត្រ ត្រូវបានអគ្គីភ័យឆាប់ឆេះខ្ទេចទាំងអស់ស្រុងខណៈដែលកូនម្ចាស់ផ្ទះដាំបាយចង្រ្កានហ្គាសទុកចោល ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី ២ខែធ្នូឆ្នាំ២០២១ នៅចំណុចទួលអំពិលនៅក្នុងភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។
តាមការបញ្ជាក់ពីសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ម្ចាស់ផ្ទះដែលត្រូវអគ្គីភ័យឆាប់ឆេះអស់ទាំងស្រុងខាងលើ ជាកម្មសិទ្ធិរបស់លោក នុត សារិន( ហៅវែង )ជាអាចារ្យ គណៈកម្មការវត្តទួលអំពិល ។
ប្រភពដដែលបានបន្តឲ្យដឹងទៀតថា ចំពោះសម្ភារៈខូចខាតមានផ្ទះមួយខ្នងទំហំ ៧ម គុណនឹង១០ ម៉ែត្រ លុយខ្មែរ ៨លានរៀល មាស ១ដំឡឹង ៣ជី ម៉ូតូ១គ្រឿង ស្រូវ ១តោន និងសម្ភារៈក្នុងផ្ទះខូចខាតទាំងស្រុង ។
យោងតាមការបញ្ជាក់ពីសមត្ថកិច្ចថា មូលហេតុដោយសារដាំបាយនិងចង្ក្រានហ្គាសទុកចោល បណ្ដាលឲ្យឆាបឆេះរាលដាលដល់កំប៉ុងហ្គាស ៣-៤ទៀត ដែលនៅក្បែរនោះទើបបណ្ដាលឲ្យផ្ទុះ ឆាបឆេះផ្ទះខាងលើនោះតែម្តង ៕ សុខ គឹមសៀន