ជប៉ុនផ្អាកការធ្វើដំណើរជាបណ្តោះអាសន្ន សម្រាប់កម្មសិក្សាការី-ពលករជំនាញកម្ពុជាធ្វើដំណើរចូលប្រទេសរបស់ខ្លួន
រាជធានីភ្នំពេញ៖នៅថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ២០២១នេះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងមួយស្តីការពីការផ្អាកការធ្វើដំណើរចូលប្រទេសជប៉ុនជាបណ្តោះអាសន្ន សម្រាប់កម្មសិក្សាការី-ពលករជំនាញកម្ពុជា។
យោងតាមសេចក្តីជូនដំណឹរបស់ក្រសួងការងារ បានបញ្ជាក់ប្រាប់ដល់សមាគមទីភ្នាក់ងារ ជ្រើសរើសឯកជន ទីភ្នាក់ងារជ្រើសរើសឯកជន និងកម្មសិក្សាការី-ពលករជំនាញ ដែលត្រៀមចេញដំណើរ ទៅធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុនទាំងអស់ឱ្យបានជ្រាបថា ដើម្បីបង្ការការឆ្លងរីករាលដាលនវីរុស កូវីដ-១៩ បំប្លែងថ្មីឈ្មោះអូមីក្រុង (Omicron) រាជរដ្ឋាភិបាលជប៉ុនបានសម្រេចផ្អាកការធ្វើដំណើរចូល ប្រទេសជប៉ុនជាបណ្ដោះអាសន្នចំពោះអ្នកដំណើរថ្មី រួមទាំងកម្មសិក្សាការី-ពលករជំនាញកម្ពុជាដែល ត្រៀមចេញដំណើរទៅធ្វើការនៅប្រទេសជប៉ុនផងដែរ សម្រាប់រយៈពេល ០១ខែ គិតចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នេះតទៅ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន ទីភ្នាក់ងារជ្រើសរើសឯកជន និងកម្មសិក្សា ការី-ពលករជំនាញដែលត្រៀមចេញទៅធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុនទាំងអស់ ជ្រាបជា ព័ត៌មានតាមការគួរ៕ដោយ៖ម៉ាដេប៉ូ
