ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជាដឹកនាំប្រតិភូ ទស្សនះកិច្ចនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ កោសលវិច័យហ្គូរ៉ាត់នៅសាធារណះរដ្ឋឥណ្ឌា ផ្តោតសំខាន់ៗចាំបាច់សម្រាប់មន្រ្តីនគរបាលក្នុងការស្រាវជ្រាវ សើបអង្កេតនិងបទល្មើសនានា
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងតបតាមការអញ្ជើញរបស់លោក បណ្ឌិត J. M. Vyas ប្រធានសាកលវិទ្យាល័យវិទ្យាសាស្រ្តកោសល្យវិច័យហ្គូចារ៉ាត ឯកឧត្តម នាយឧត្តមសេនីយ៍ សេង ផល្លី បានដឹកនាំគណៈប្រតិភូបណ្ឌិត្យសភានគរបាលកម្ពុជា ទៅទស្សនកិច្ចសិក្សានៅប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០១៩។
ក្នុងដំណើរមាតុភូមិនិវត្តន៍ ឯកឧត្តម បានមានប្រសាសន៍ថា ទស្សនកិច្ចនេះជាសក្ខីភាពនៃការពង្រីកកិច្ច- សហប្រតិបត្តិការអន្តរជាតិបន្ថែមទៀតរបស់បណ្ឌិត្យសភានគរបាលកម្ពុជាជាមួយភាគីឥណ្ឌា លើការងារស្រាវជ្រាវ និងការងារបណ្ដុះបណ្ដាលនគរបាល ជាពិសេសផ្ដោតសំខាន់លើ វិទ្យាសាស្រ្តកោសល្យវិច័យគ្រប់ប្រភេទ សន្តិសុខតាមប្រព័ន្ធពត៌មានវិទ្យា និងការស៊ើបអង្កេតបទល្មើសបច្ចេកវិទ្យា ដែលជាជំនាញសំខាន់ៗចាំបាច់សម្រាប់មន្រ្តីនគរបាល ក្នុងការស្រាវជ្រាវនិងស៊ើបអង្កេតបទល្មើសនានា។
ជាលទ្ធផលនៃទស្សនកិច្ចនេះ បណ្ឌិត្យសភាទទួលបានអត្ថប្រយោជន៍ដូចខាងក្រោម៖
• បានពង្រីកកិច្ចសហប្រតិបត្តិការការអន្តរជាតិបន្ថែមទៀត ជាមួយសាកលវិទ្យាល័យវិទ្យាសាស្រ្តកោសល្យវិច័យហ្គូចារ៉ាត ដែលជាសាកលវិទ្យាល័យលំដាប់ពិភពលោកលេខ១លើជំនាញឯកទេសវិទ្យាសាស្រ្តកោសល្យវិច័យ ដើម្បីធ្វើជាដៃគូសហប្រតិបត្តិការយូរអង្វែង ។
• បានចុះអនុស្សរណៈយោគយល់គ្នាជាមួយសាកលវិទ្យាល័យនេះ ដើម្បីផ្លាស់ប្តូរគណៈប្រតិភូ សាស្រ្តាចារ្យ គ្រូបង្រៀន មន្រ្តីស្រាវជ្រាវ និស្សិត សិក្ខាកាម ក្នុងការនាំមកនូវបច្ចេកវិទ្យាថ្មីៗទាក់ទងនឹងការស្រាវជ្រាវបែបវិទ្យាសាស្ត្រ និងការអប់រំបណ្តុះបណ្តាលនគរបាល។
• ក្នុងដំណាក់ដំបូង រដ្ឋាភិបាលឥណ្ឌាយល់ព្រមទទួលគ្រូបង្គោលនគរបាលចំនួន២០រូប មកទទួលការបណ្ដុះបណ្ដាលរយៈពេល ៦ខែ លើជំនាញសំខាន់ៗចំនួន ៩ រួមមាន៖
១. ជំនាញសន្តិសុខតាមប្រព័ន្ធបច្ចេកវិទ្យា
២. ជំនាញស៊ើបអង្កេតបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា
៣. ជំនាញកោសល្យវិច័យឌីជីថល
៤. ជំនាញកោសល្យវិច័យគ្រឿងផ្ទុះ
៥. ជំនាញកោសល្យវិច័យគ្រឿងញៀន
៦. ជំនាញកោសល្យវិច័យវេជ្ជសាស្ត្រនិងចំណីអាហារ
៧. ជំនាញកោសល្យវិច័យអត្តចរិតបុគ្គល
៨. ជំនាញកោសល្យវិច័យចិត្តសាស្ត្រ និង
៩. ជំនាញកោសល្យវិច័យរូបភាព សម្ដីនិយាយ ឯកសារ ហត្ថលេខា និង ខ្ចៅដៃ។
ជាមួយគ្នានេះ គណៈប្រតិភូកម្ពុជាក៏បានទៅទស្សនកិច្ចផ្ទាល់នៅតាមបន្ទប់មន្ទីរពិសោធន៍កោសល្យវិច័យ គ្រប់ប្រភេទ ដើម្បីស្វែងយល់ និងដកស្រង់បទពិសោធន៍អំពី ការរៀបចំធនធានរូបវន្ត និងការបំពាក់សម្ភារៈ និងឧបករណ៍ផ្សេងៗ សម្រាប់បម្រើឱ្យការងារបណ្ដុះបណ្ដាលើវិស័យវិទ្យាសាស្រ្តកោសសល្យវិច័យ។









