ឧត្តមប្រយោជន៍នៃការផ្តល់ឈាម គឺដើម្បីជួយសង្គ្រោះជីវិតមនុស្ស និងផ្តល់សេចក្តីស្រឡាញ់ !
មន្ទីរសុខាភិបាលខេត្តសៀមរាប ប្រកាសឲ្យដឹងថា ធនាគារឈាមរបស់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ពុំមានដាច់ស្តុកទឿតទេ រាល់ករណីនៃការប្រើប្រាស់ឈាមរបស់មន្ទីរពេទ្យ ពុំមានការលក់ដូរ នោះឡើយ !
ថ្លែងមតិស្វាគមន៍ ចំពោះវត្តមានរបស់ក្រុមអ្នកស្ម័គ្រចិត្តផ្តល់ឈាមប្រមាណ ជាង១០០នាក់ ដែលដឹកនាំដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត សាខាខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី ២១ ខែធ្នូ នាចុងសប្តាហ៍កន្លងមកនេះ នៅមជ្ឈមណ្ឌលផ្តល់ឈាម ដែលមានទីតាំងនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ត បានឲ្យដឹងថា ឆ្នាំ២០១៩នេះ សកម្មភាពការងាររបស់មជ្ឈមណ្ឌលផ្តល់ឈាម មានការកើនឡើងរហូតដល់ទៅ៤ដង បើធៀបទៅនឹងឆ្នាំ២០១៥ ដែលជាឆ្នាំមុនបង្កើតមជ្ឈមណ្ឌលផ្តល់ឈាមនេះ ។ លោកបញ្ជាក់ឲ្យដឹងថា ឆ្នាំ២០១៩នេះ ការប្រមូលឈាមបានចំនួនជាង ៤ ពាន់ប្លោក ច្រើនជាងឆ្នាំ២០១៨ ដែលប្រមូលបានត្រឹមតែជាង ៣ ពាន់ប្លោកប៉ុណ្ណោះ ។ បច្ចុប្បន្ននេះ ធនាគារឈាមនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ស្ថិតក្នុងស្ថានភាពរឹងមាំ មិនមានបញ្ហាដាច់ស្តុកនោះទេ បើទោះជាមានចំនួនអ្នកជម្ងឺ ដែលមានតម្រូវការឈាមកើនឡើងក៏ដោយ រាល់ករណីនៃការប្រើប្រាស់ឈាមរបស់មន្ទីពេទ្យ មិនមានការលក់ដូរនោះឡើយ រួមទាំងមានការចែករំលែកទៅកាន់មន្ទីរពេទ្យផ្សេងៗទៀតក្នុងខេត្តផងដែរ ។ លោកគូសបញ្ជាក់ថា ក្នុងករណីចាំបាច់ដែលត្រូវជួយសង្គ្រោះអ្នកជម្ងឺ ឬជនរងគ្រោះធ្ងន់ធ្ងរ ដោយឧបទ្ទវហេតុផ្សេងៗ ។ លោកប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប មានប្រសាសន៍ថា ពិតជាចាំបាច់ណាស់ សម្រាប់ពាក្យថា អរគុណដ៏ជ្រាលជ្រៅបំផុត និង ការស្ងើចសរសើរ ចំពោះសប្បុរសជនទាំងអស់ ដែលបានចំណាយទាំងពេលវេលា និងទឹកចិត្តបរិច្ចាគឈាម ដែលជាចលនាមនុស្សធម៌ មានតម្លៃមិនអាចកាត់ថ្លៃបាន ។
លោក កៅ គីវុធ នាយកសាខា ហត្ថាកសិករ ប្រចាំខេត្តសៀមរាប លើកឡើងថា នេះគឺជាការចូលរួមមួយក្នុងសកម្ម ភាពសង្គម របស់ហត្ថកសិករ ក្រោមប្រធានបទ ផ្តល់ឈាមដើម្បីជួយសង្គ្រោះជីវិតមនុស្ស និ ងផ្តល់សេចក្តីស្រឡាញ់ ។ មានប្រាក់មិនអាចទិញជីវិតមនុស្សបានទេ តែឈាមអាចជួយសង្គ្រោះជីវិតមនុស្សបាន ហើយការផ្តល់ឈាម គ្មានកត្តាណាមួយដែលត្រូវព្រួយបារម្ភនោះឡើយ តែឈាមដែលមិនអាចផ្តល់បាន ឬឈាមដែលគ្រូពេទ្យបដិសេធមិនទទួលយកនោះទេ ដែលជាកត្តាត្រូវព្រួយបារម្ភនោះ ។ លោកក៏បានគូសបញ្ជាក់ថា នេះជាលើកទី៦ហើយ ដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត ទូទាំងប្រទេស ហើយក៏ជាលើកទី១ របស់សាខាខេត្តសៀមរាប នៃការបរិច្ចាគឈាមដើម្បីជួយសង្គ្រោះជីវិត ។
អត្ថប្រយោជន៍នៃការផ្តល់ឈាម គឺកាត់បន្ថយហានីភ័យនៃជម្ងឺមហារីកផ្សេងៗ កាត់បន្ថយកំហាប់ឈាម និង ការលើសជាតិដែក ដែលជាមូលហេតុធ្វើឲ្យមានផលប៉ះពាល់ដល់ថ្លើម និងលំពែង ។ ការផ្តល់ឈាម វាជួយឲ្យប្រសើរឡើងនូវសុខភាពបេះដូង បន្ថយការឡើងទម្ងន់ ជួយជំរុញការបង្កើតគ្រាប់ឈាមថ្មី ។ ជាមួយនឹងការផ្តល់ឈាមនេះដែរ គឺទទួលបាននូវការធ្វើតេស្តឈាមដោយសម្ងាត់ និង ឥតគិតថ្លៃ រីករាយក្នុងការផ្តល់រង្វាន់ជីវិត គឺសុខភាពកាន់តែប្រសើរឡើង ទាំងនេះ គឺជាការបង្ហាញណែនាំ របស់មជ្ឈមណ្ឌលផ្តល់ឈាម ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប









