ប្រធានក្រុមហ៊ុន KW Cambodia ប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តជូនដល់ក្រុមបាល់ទាត់ ដែលចូលរួមប្រកួតស៊ីហ្គេម នៅហ្វីលីពីន
ភ្នំពេញ៖ លោកឧកញ៉ា គីម ហ៊ាង ប្រធានក្រុមហ៊ុនអចលនទ្រព្យ KW Cambodia បានប្រគល់ជូននូវទឹកប្រាក់ឧបត្ថម្ភលើកទឹកចិត្តចំនួន ៥ពាន់ដុល្លារអាមេរិក នៅព្រឹកថ្ងៃទី១៩ ធ្នូ នៅទីស្នាក់ការរបស់ខ្លួនជូនដល់តំណាងក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ ដែលបានចូលរួមប្រកួតស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន កាលពីពេលថ្មីៗកន្លងទៅនេះ។

លោកឧកញ៉ា គីម ហ៊ាង បានកើតសរសើរចំពោះក្រុមបាល់ទាត់កម្ពុជា ដែលបានខិតខំអស់ពីសមត្ថភាព ហើយដណ្តើមបាននូវលទ្ធផលល្អប្រសើរ បើទោះបីជាមិនអាចប្រជែងបាន មេដាយ ប៉ុន្តែក្រុមបាល់ទាត់កម្ពុចបានកសាងប្រវត្តិសាស្ត្រថ្មីមួយសម្រាប់ជាតិ ក្នុងការបំបែកកំណត់ត្រា ស៊ីហ្គេមរបស់កម្ពុជា ក្នុងរយៈពេល៦០ឆ្នាំ។

លោកបញ្ជាក់ថា ការប្រគល់ជូននូវប្រាក់លើកទឹកចិត្តនេះ គឺដោយសារលោកស្រឡាញ់ចូលចិត្ត ក្នុងវិស័យបាល់ទាត់ ដោយលោកក៏បានចំណាយលុយផ្ទាល់ខ្លួន ក្នុង១ឆ្នាំៗ ក្នុងការរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ Khmer Real Estate និងពានរង្វាន់ KW Cambodia ចំនួន៩រដូវកាលមកហើយ។ លោកបានលើកទឹកចិត្តឲ្យក្រុមបាល់ទាត់ខិតខំបន្ថែមទៀត ដើម្បីប្រកួតប្រជែងទទួលបានលទ្ធផលកាន់តែប្រសើរ ដើម្បីកិត្តិយសជាតិខ្មែរយើងទាំងមូលលើឆាកអន្តរជាតិ។
លោក ឈូក ពិសិដ្ឋ តំណាងក្រុមបាល់ទាត់កម្ពុជាបានសម្តែងនូវអំណរគុណជូនចំពោះលោកឧកញ៉ា គីម ហ៊ាង ដែលបានផ្តល់ប្រាក់លើកទឹកចិត្តចំនួន៥ពាន់ដុល្លារ និងជូនពរឲ្យលោកឧកញ៉ាកាន់តែជោគជ័យ ក្នុងមុខជំនួញរបស់លោកឧកញ៉ា ៕ធ.ដ